សម្ដេចតេជោ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (រូបឯកសារ)

ថ្លែងពីវេទិកាអធិបតីនៃពីធីបិទនិងប្រគល់សញ្ញាបត្រវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ឆ្នាំ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២របស់សលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឱ្យដឹងថាសម្ដេចមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥នៅឡើយទេ ព្រោះក្រោយការពិនិត្យឈាមទៅលទ្ធផលបង្ហាញថាវ៉ាក់សាំងដូសទី៤របស់សម្ដេចនៅមានប្រសិទ្ធភាពនៅឡើយ។

មិនទាន់ចាក់ដូសទី៥មែន ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថាសម្ដេចបានឆ្លៀតចាក់វ៉ាក់សាំងមួយប្រភេទទៀត ជាប្រភេទវ៉ាក់សាំងការពារសួត«ដោយសារឥទ្ធិពលដូសទី៤វាមិនទាន់អស់ អ៊ីចឹងអាចនឹងពន្យាបន្តិច ក្នុងពេលជាមួយគ្នា ខ្ញុំឆ្លៀតចាក់វ៉ាក់សាំងការពារសួតឱ្យហើយ។ ព្រោះអាកូវីដហ្នឹងវាវៃ វៃលុកសួត បើអ៊ីចឹងពេទ្យគេថាមានថ្នាំចាក់សម្រាប់ការពារសួត ការពារជំងឺរលាកសួត»។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ រួមទាំងជនបរទេសដែលក៏មានអង្គទូតនានាដែរនោះ សូមបន្តអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងតាមការកំណត់របស់មន្រ្តីសុខាភិបាល ដើម្បីបន្តបង្កើតភាពស៊ាំសហគមន៍ក្នុងការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចបានអះអាងថាវ៉ាក់សាំងកម្ពុជាគឺជាវ៉ាក់សាំងសម្រាប់មនុស្សគ្រប់រូប ​និងគ្មានការបង់ប្រាក់នោះទេ ទោះកម្ពុជាចាក់ដល់ដូសទី២០ក៏ដោយ៕

Share.