លោក ទេស សុជុន ឬ ដែលមហាជនស្គាល់ និង ហៅថានាយក្រិនទទួលបានអំណោយឧបត្ថម្ភពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយនិងសម្រួលដល់ការលំបាកផ្នែកជីវភាព ខណៈកំពុងមានជំងឺប្រចាំកាយ និងមានកូនតូចប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុក។

សូមចុចត្រង់នេះ៖ កើតអីធ្ងន់ធ្ងរទេដឹងទើបនាយក្រិនដល់ថ្នាក់ចូលមន្ទីរពេទ្យ?
យោងតាមផេកហ្វេសប៊ុក ខុទ្ទកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃអង្គារ (២៤ ខែឧសភា) កន្លងទៅ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់តាំងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង សហការីជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ សុខភាព និង ផ្ដល់ឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់នាយក្រិន វ័យ ៤២ឆ្នាំ ជាតារាកំប្លែងមានមាឌតូចល្អិត កំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ នាយក្រិន សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩។ ជាមួយនេះផងដែរឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ ក្មួយកូនៗរបស់នាយក្រិន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

នាយក្រិន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីទាំងអស់។
អំណោយដ៏ថ្លៃថ្លាដែលនាយក្រិនទទួលបានរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ចំនួន ១០កេស នំធុង ៣ធុង និងថវិកា ៥លានរៀល។ បន្ថែមលើនោះឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឧត្តម្ថបន្ថែមជូនលោកពុកបង្កើតនាយក្រិន និងកូនៗថវិកាមួយចំនួនទៀតផងដែរ។

នាយក្រិន កាលពីពេលថ្មីៗបានចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យដោយសារជំងឺពោះវៀនធ្លាក់ចូលក្រោមពង ក្រោយពីបានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យលោកបានត្រលប់ទៅខេត្តកំណើតដើម្បីរស់នៅទីនោះដោយសារតែបញ្ហាកូវីដ-១៩ មិនមានកិច្ចការងារអ្វីត្រូវបំពេញនៅទីក្រុងភ្នំពេញ៕
