លោក​ ទេស​ សុជុន​ ឬ​ ​​ដែល​មហាជន​ស្គាល់​​ ​និង​ ​ហៅ​ថា​នាយ​ក្រិន​ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ពី​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ដើម្បី​ជួយ​ដោះស្រាយ​និង​សម្រួល​​ដល់​ការ​លំបាក​ផ្នែក​ជីវភាព​​ ខណៈ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ ​និង​មាន​កូន​តូច​ប្រុស​ស្រី​ចំនួន​ ៣​នាក់​ ​ក្នុង​បន្ទុក​។

សូមចុចត្រង់នេះ៖ កើត​អី​ធ្ងន់ធ្ងរ​ទេ​ដឹង​ទើប​​នាយ​ក្រិន​ដល់​ថ្នាក់​​​ចូល​​មន្ទីរពេទ្យ?

​​​យោង​តាម​ផេកហ្វេសប៊ុក​ ខុទ្ទកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​កាល​ពី​ថ្ងៃ​អង្គារ​ (២៤ ខែ​ឧសភា​)​ កន្លង​ទៅ​ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​ ​​សែន​ បាន​ចាត់​តាំង​ឯកឧត្តម​បណ្ឌិត​ ​ប៊ុត គឹមស៊ាន​ ​ប្រធាន​គណៈកម្មាធិការ​សាខា​ ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ ​និង​ សហការី​ជួប​សំណេះសំណាល​សួរ​សុខទុក្ខ​ ​សាកសួរ​ពី​ស្ថានភាព​រស់នៅ​ ​សុខភាព​ ​និង​ ​ផ្ដល់​​ឧបត្ថម្ភ​អំណោយ​ ជួយ​សម្រាល​ការ​លំបាក​ផ្នែក​ជីវភាព​ដល់​នាយក្រិន វ័យ​ ​៤២ឆ្នាំ​ ​ជា​តារា​កំប្លែង​មាន​មាឌ​តូច​ល្អិត​ កំពុង​ស្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ស្ថិត​នៅ​ភូមិ​ស្លាក្រាម​ ​ឃុំ​វត្ត​តាមិម​ ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​ ប៊ុត គឹមស៊ាន​ ​បាន​ពាំនាំ​ប្រសាសន៍​របស់​ ​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន រ៉ានី​ ហ៊ុនសែន ​ដែល​បាន​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ ​ក្តី​អាណិតអាសូរ​ ​និង​លើក​ទឹកចិត្តដល់​ នាយក្រិន​ សូម​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ​ដើម្បី​ជីវភាព​គ្រួសារ​ ​និង​ត្រូវ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ អនុវត្ត​តាម​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល​ដោយ​អនុវត្តវិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ជាមួយ​នេះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត​ ​បាន​ផ្តាំផ្ញើ​និង​លើកទឹក​ចិត្ត​ដល់​ ក្មួយ​កូន​ៗ​របស់​នាយ​ក្រិន​ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​បាន​ពូកែ ​ដើម្បី​អនាគត​ភ្លឺស្វាង​ ​ធ្វើ​ជា​កូនកត្តញ្ញូ​ ​និង​ជា​ពលរដ្ឋ​ល្អ​របស់​សង្គម​ជាតិ​។​

នាយ​ក្រិន​ ​បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ជួយ​គិតគូរ​ ​ជា​ពិសេស​ការ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ជួបការ​លំបាក​ដោយ​គ្មាន​ការ​រើសអើង​អ្វី​ទាំង​អស់​។

អំណោយ​ដ៏​ថ្លៃថ្លា​ដែល​នាយ​ក្រិន​ទទួល​បាន​រួម​មាន​៖​ ​អង្ករ​ ​១០០​គីឡូក្រាម​ ​ទឹក​បរិសុទ្ធ​វីឃែរ​ ​ចំនួន​ ១០​កេស​ ​នំ​ធុង​ ​៣​ធុង​ ​និង​ថវិកា​ ​៥​លាន​រៀល​។​ បន្ថែម​លើ​នោះ​ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈ​កម្មាធិការ​សាខា​បាន​ឧត្តម្ថ​បន្ថែម​ជូន​លោក​ពុក​បង្កើត​នាយ​ក្រិន​ ​និង​កូនៗ​ថវិកា​មួយ​ចំនួន​​ទៀត​ផង​ដែរ​។​

នាយ​ក្រិន​ កាល​ពី​ពេល​ថ្មី​ៗ​បាន​ចូល​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​ដោយ​សារ​ជំងឺ​ពោះ​វៀន​ធ្លាក់​ចូល​ក្រោម​ពង ក្រោយ​ពី​បាន​ជាសះស្បើយ​និង​ចាក​ចេញ​ពី​មន្ទីរពេទ្យ​លោក​បាន​ត្រលប់​ទៅ​ខេត្ត​កំណើត​ដើម្បី​រស់នៅ​ទីនោះ​ដោយ​សារ​តែ​បញ្ហា​កូវីដ​-១៩ ​មិន​មាន​កិច្ចការ​ងារ​អ្វី​ត្រូវ​បំពេញ​នៅ​ទីក្រុង​ភ្នំពេញ​៕​​

Telegram-Troryorng

Share.