តារា​សម្ដែង​បុរស​ល្បី​ៗ​៥​រូប​នេះ​ត្រូវ​បាន​ក្រុម​ការងារ​​ផលិត​ភាពយន្ត​ភាគ​អញ្ជើញ​ឱ្យ​សម្ដែង​ជាមួយ​នឹង​តារា​សម្ដែង​ស្រី​ សុង ហេក្យូ ​ហៅ​ ហាន់​ ជីអ៊ុន​ ប៉ុន្តែ​ម្នាក់​ៗ​បែរ​ជា​បដិសេធ​មិន​ព្រម​សម្ដែង​​ជាមួយ​នឹង​តារា​សម្ដែង​ស្រី​រូប​នេះ​ ដោយ​សារ​តែ​មាន​ហេតុផល​ផ្ទាល់​ខ្លួន​ផ្សេង​ៗ​គ្នា​។​

១.​Lee Jung Jae​

​តាម​ពិត​ Lee Jung Jae ​គឺ​ជា​ជម្រើស​ដំបូង​ដែល​ក្រុម​ផលិត​ចង់​ឱ្យ​សម្ដែង​ជា​តួអង្គ​ឯក​នៅ​ក្នុង​រឿង​ភាគ​ «Full House»​ ​ឬ ​«បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​»​ ​កាល​ពី​ឆ្នាំ​២០០៤​ ​ប៉ុន្តែ​តួឯក​ប្រុស​ ​«Squid Games»​ បាន​បដិសេធ​មិន​សម្ដែង​ដោយ​សារ​តែ​លោក​មិន​មាន​ចំណាប់​អារម្មណ៍​ចង់​សម្ដែង​រឿង​ភាគ​។​ ​ក្រោយ​មក​ Rain​ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​សម្ដែង​ជា​តួឯក​ជំនួស​។​ ​ហ្វេន​ជា​ច្រើន​សម្ដែង​ការ​សោកស្ដាយ​ដែល​ Lee Jung Jae ​បដិសេធ​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បែរ​ជា​ធូរ​ទ្រូង​ ព្រោះ​គេ​យល់​ថា​តារា​សម្ដែង​រូប​នេះ​មាន​វ័យ​រាង​ជ្រេ​បន្តិច​សម្រាប់​ការ​សម្ដែង​គូ​ជាមួយ​នឹង​តួស្រី​ Song Hye Kyo​។ ​យ៉ាង​ណា​មិញ ​Rain ​និង​ Song Hye Kyo​ បាន​សហការ​គ្នា​សម្ដែង​បាន​យ៉ាង​ល្អ​រហូត​ធ្វើ​ឱ្យ​រឿង​ភាគ​នេះ​ល្បី​ល្បាញ​ខ្លាំង​បំផុត​កាល​ពី​ជំនាន់​នោះ​។

២.Won Bin​

តាម​ពិត​រឿង​ ​«Descendants of the Sun»​ឬ​ «ម្ចាស់​ព្រះ​អាទិត្យ​»​ ដំបូង​ឡើយ​ក្រុម​ការងារ​បាន​អញ្ជើញ​កំពូល​តារា​សម្ដែង​រូប​សង្ហា​ Won Bin ​ឱ្យ​សម្ដែង​ជា​តួអង្គ​ឯក​ ​ប៉ុន្តែ​រឿង​នេះ​មិន​ខុស​ពី​​រឿង​ផ្សេងៗ​នោះ​ឡើយ​ព្រោះ​​ Won Bin ​បាន​បដិសេធ​មិន​ព្រម​សម្ដែង​។ ចំពោះ​ហេតុផល​ដែល​តារា​រូបនេះ​បដិសេធ​មិនព្រម​សម្ដែង​នោះ​គឺ​ដោយសារ​តែ​លោក​មិន​ទាន់​ចង់​វិល​មក​សម្ដែង​ឡើង​វិញ​។ ​រយៈ​ពេល​ជាង​មួយ​ទស្សវត្សរ៍​កន្លង​មក​នេះ​ មិន​ទាន់​មាន​ ​Project​ ណា​មួយ​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​លោក​ឱ្យ​ចង់​វិល​ត្រលប់​មក​រក​ការ​សម្ដែង​វិញ​នៅ​ឡើយ​។​

៣.Jo In Sung​

​ក្រោយ​ ​Won Bin ​បដិសេធ​ក្រុម​ការងារ​ផលិត​រឿង​ ​«Descendants of the Sun» ​ឬ​ «ម្ចាស់​ព្រះ​អាទិត្យ​»​បាន​ស្នើ​ទៅ​តារា​សម្ដែង​ Jo In Sung​ ដោយ​សង្ឃឹម​ថា​លោក​នឹង​ត្រលប់​មក​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់​ពី​បាន​សម្ដែង​រឿង​ភាគ​ល្បីល្បាញ​របស់​ទូរទស្សន៍​ ​SBS​ ​«​That Winter, The Wind Blows​»​។​ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​បាន​សម្រេច​ចិត្ត​បដិសេធ​ហើយ​បាន​ណែនាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ ​Song Jung Ki​ ទៅ​ក្រុម​ការងារ​ផលិត​រឿង​ភាគ​នេះ​ ​ព្រោះ​លោក​យល់​ថា​មិត្ត​សម្លាញ់​របស់​ខ្លួន​ស័ក្តិសម​នឹង​តួអង្គ​នេះ​ច្រើន​ជាង​។​ អ្វី​ដែល​លោក​គិត​ពិត​ជា​មិន​ខុស​នោះ​ឡើយ​ព្រោះ​ ​Song Jung Ki ​សម្ដែង​ជា​តួអង្គ​មេ​បញ្ជា​ការ​ យូ ស៊ីជីន បាន​យ៉ាង​ល្អ។

៤. Gong Yoo​

មិន​ខុស​ពី​តារា​សម្ដែង​បុរស​ខាង​លើ​ ​Gong Yoo​ ថ្វី​ត្បិត​តែ​មាន​ការ​អញ្ជើញ​ដោយ​ផ្ទាល់​ពី​អ្នក​និពន្ធ​សេណារីយ៉ូ​រឿង​ ​Kim Eun Sook ​លោក​បែរ​ជា​បដិសេធ​មិន​ព្រម​សម្ដែង​រឿង​ ​Descendants of the Sun​ ហើយ​ទៅ​សម្ដែង​រឿង​ ​«Goblin» ​ដែល​ជា​ស្នាដៃ​សរសេរ​ដោយ​ Kim Eun Sook ​ដដែល​ក្រោយ​ការ​បបួល​អស់​៥​ឆ្នាំ​។​ ​នៅ​ពេល​សួរ​លោក​ពី​មូលហេតុ​ដែល​លោក​ស្ទាក់ស្ទើរ​មិន​ព្រម​សម្ដែង​រឿង​នោះ​លោក​និយាយ​ថា​ លោក​គ្មាន​ការ​ជឿជាក់​សម្ដែង​រឿង​ភាគ​ ​ព្រោះ​ភាគ​ច្រើន​លោក​សម្ដែង​តែ​ភាពយន្ត​ខ្នាត​ធំ​

៥.​Kim Woo Bin​

ថ្វី​ត្បិត​តែ​សាមី​ខ្លួន​មិន​បាន​បញ្ជាក់​មូលហេតុ​ដែល​ខ្លួន​បដិសេធ​មិន​ព្រម​សម្ដែង​រឿង​ ​«ម្ចាស់ព្រះអាទិត្យ»​ ដោយ​សារ​តែ​អ្វី​ ​ប៉ុន្តែ​សាធារណជន​បាន​យល់​ឃើញ​ថា​ ​Kim Woo Bin ​មិន​ចង់​កាត់សក់​ម៉ួដ​ទាហាន​ ម្យ៉ាង​ទៀត​បញ្ហា​រឿង​កម្ពស់​ដ៏​ខ្ពស់​របស់​លោក​បើ​ប្រៀប​នឹង​កម្ពស់​របស់​មន្ត្រី​ទាហាន​កូរ៉េ​ទូទៅ​៕

Share.