លោក កឹម​ សុខា បានចេញមុខអះអាងច្បាស់ៗប្រាប់តុលាកាសាលាដំបូងរាជធានីភ្នំពេញអំពីការផ្ដាច់សម្ព័ន្ធភាពនយោបាយជាមួយលោក សម រង្ស៊ី។ ការអះអាងរបស់លោក កឹម សុខា ត្រូវបានសារព័ត៌មានក្នុងស្រុកចេញផ្សាយជាបន្ទាប់នៅថ្ងៃទី១៥ ខែមិថុនានេះ បន្ទាប់ពីអ្នកនយោបាយដែលអស់សិទ្ធិធ្វើនយោបាយរូបនេះបានចូលក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញជាថ្មីទៀត។

ក្នុងបន្ទប់សវនា លោក កឹម សុខា បានអះអាងថាលោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយលោក សម រង្ស៊ី ហើយថារូបលោក និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយដូចដែលលោក សម រង្ស៊ី ធ្លាប់បានលើកឡើងជារៀយៗនោះឡើយ ខណៈគ្រប់សកម្មភាពដែលលោក សម រង្ស៊ី បានធ្វើកន្លងទៅ លោកក៏មិនដែលគាំទ្រ ហើយថែមទាំងបានហាមកូនចៅរបស់លោកមិនឱ្យគាំទ្រទៀតផង។

តាមសំឡេងដែលត្រូវបានចែកផ្សាយនៅថ្ងៃទី១៥ ខែមិថុនានេះ លោក កឹម សុខា ក្នុងបន្ទប់សវនាការបានមានប្រសាសន៍ថា«ខ្ញុំឈប់មានទំនាក់ទំនងអីជាមួយនឹង សម រង្ស៊ី ទៀតហើយ។ ពាក្យ សម រង្ស៊ី និង កឹម សុខា ជាមនុស្ស​តែមួយ​ហ្នឹង​ក៏​មិនមាន​ទៀតដែរ។ ចុងក្រោយនេះ គាត់​វាយប្រហារ​ខ្ញុំ រឿងខ្ញុំ​មិន​ទៅ​បោះឆ្នោត​គឺជា​កំហុស​ដ៏​ធំអីអស់​ហ្នឹង​»។

លោក កឹម សុខា ថែមទាំងប្រាប់តុលាការទៀតថា សូម្បីតែថ្ងៃដែលលោក សម រង្ស៊ី ​ប្រកាស​ចូលប្រទេស ថ្ងៃទី៩ វិច្ឆិកានោះ ក៏លោកមិនចូលរួម និងថែមទាំងបានហាម​កូនចៅ​មិនឱ្យ​គាំទ្រ​ដែរ។ លោកបន្តថា«អ្នកណា​ធ្វើអាក្រក់ សូមទៅឱ្យ​ឆ្ងាយ​ពីខ្ញុំ។ ខ្ញុំក៏​អរគុណហើយ ដែល​តំណាង​អយ្យការ បាន​សួរខ្ញុំអំពីរឿងហ្នឹង នៅទីនេះ»។

នេះជាលើកទី១ហើយដែលោក កឹម សុខា អះអាងច្បាស់ៗពីការចែកផ្លូវនយោបាយជាមួយលោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលបន្តសំងំនៅបរទេសតាមទំលាប់ ប៉ុន្តែតែងតែប្រើវោហារសព្ទពីចំងាយ។ កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានស្ដីបន្ទោសចំៗឱ្យលោក កឹម សុខា ដែលមិនទៅបោះឆ្នោតឃុំ សង្កាត់ និងដែលអះអាងថាគ្មានគណបក្សនយោបាយណាគួរឱ្យពេញចិត្ត។

សូមបញ្ជាក់ថាលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសមរង្ស៊ី បានប្រកាសបង្កើតសម្ព័ន្ធភាពជាមួយគ្នា នឹងឈានទៅបង្កើតបានគណបក្សសង្គ្រោះជាតិ កាលថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ២០១២ ក្នុងជំនួបមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ បើគិតពីពេលនោះមក អាចនិយាយបានថា១០ឆ្នាំក្រោយមក សម្ព័ន្ធភាពនេះដើរដល់ផ្លូវបំបែក៕

Share.