នាយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២នេះ កម្មវិធីប្រកួត Miss Universe Cambodia 2022 បានបញ្ចប់ដោយជោគជ័យ និងបានរកឃើញម្ចាស់មកុដថ្មីតម្លៃ ១៨ ម៉ឺនដុល្លារ គឺបវរកញ្ញា ហង្ស ម៉ានីតា ទាំងឆោមសម្រស់ស្រស់ស្អាត ទេពកោសល្យទាំងការដើរបង្ហាញ​ម៉ូដ ​និងភាពជឿជាក់ចំពោះសមត្ថភាព​ឆ្លើយសំណួរ​គ្រប់ជុំបាន​យ៉ាង​ល្អឥតខ្ចោះ។

នេះគឺដូចការព្យាករណ៍ទុករបស់ហ្វេនអ្នកគាំទ្រពិតមែន ដែលពួកគេមានជំនឿចិត្តយ៉ាងមុតមាំថា បវរកញ្ញា ហង្ស ម៉ានីតា នឹងអាចដណ្ដើមបានមកុដដ៏អស្ចារ្យមួយនេះ។ ក្រោយបញ្ចប់ការប្រកួតនេះ បវរកញ្ញា ហង្ស ម៉ានីតា នឹងតំណាងកម្ពុជាទៅប្រកួត​លើឆាកអន្តរជាតិ​ធំ ​«Miss Universe 2022» ​នៅទីក្រុងសាន់ចូសេ ប្រទេស​កូស្តារីកា ដែលប្រព្រឹត្តិទៅនៅក្នុងខែធ្នូ។

រាជិនីសម្រស់កូនកាត់ខ្មែរ-បារាំង ហង្ស ម៉ានីតា សព្វថ្ងៃមានវ័យ២៣ឆ្នាំ អាចប្រើប្រាស់បាន៤ភាសា រួមមាន ខ្មែរ បារាំង អង់គ្លេស និងអេស្បាញ។ បេក្ខភាពមកពីរាជធានីភ្នំពេញរូបនេះ មានកម្ពស់ ១៦៧ សង់ទីម៉ែត្រ ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ នៃសាលា Cam-ED business school ។

គេនៅចាំបានថា បវរកញ្ញា ហង្ស ម៉ានីតា ធ្លាប់ដកបទពិសោធន៍ក្នុងវិស័យនៃការប្រកួតបវរកញ្ញា ដោយកញ្ញាធ្លាប់ទទួលជ័យលាភីរងទី ២ Miss Tourism Metropolitan 2016 ។ បវរកញ្ញា ហង្ស ម៉ានីតា ជាបេក្ខភាពដែលពោរពេញដោយអ្នកមានទេពកោសល្យ ទាំងចំណេះដឹង បទពិសោធន៍ និងភាពឆ្លាតវៃ។ កញ្ញាពិតជាស័ក្ដសមជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជាថ្មីសន្លាងក្នុងឆ្នាំ២០២២ និងជាអ្នកបន្តវេនពីកញ្ញា ងិន ម៉ារ៉ាឌី ទៅដណ្ដើមមកុដពីរាជិនីសម្រស់ដទៃទៀតមកពីពិភពលោក៕

Share.