ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ នេះ ពានរង្វាន់ «ផលិតករខ្សែភាពយន្តមានទេពកោសល្យខ្ពស់ជាងគេបង្អស់» ប្រចាំឆ្នាំលើកទី១០ ឬ DIRECTOR PRODUCER OF THE YEAR Award គឺបានប្រគល់ឱ្យចាងហ្វាងផលិតកម្ម LD លោក លៀក លីដា តាមរយៈភាពយន្តរឿង នាឡិកាដាស់វិញ្ញាណ -The Clock។

នៅពេលឡើងទទួលពានយ៉ាងមានទឹកមុខញញឹមស្រស់ លោក លៀក លីដា បានលើកឡើងថា លោកពិតជាមានអារម្មណ៍រំភើបផង អរផង និងមិននឹកស្មានផង ព្រោះបន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំមក ដោយសារតែបញ្ហាកូវីដ ១៩ ទើបលោកមិនរំពឹងថា​ នៅក្នុងឆ្នាំនេះនឹងមានកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ថែមទាំងហៅឈ្មោះលោកឱ្យឡើងមកទទួលពានទៀតផងដែរ។ លោកបានបញ្ជាក់ថា តាមរយៈភាពយន្ត នាឡិកាដាស់វិញ្ញាណ -The Clock គឺបានឈ្នះពានរង្វានជាច្រើនមកហើយ រហូតដល់មានរឿងចម្លែកៗកើតឡើងនៅអំឡុងពេលកូវីដ១៩។

លោក លៀក លីដា បានរម្លឹកឡើងថា ២ឆ្នាំមុន ភាពយន្តនេះបានឈ្នះពានរង្វានពីប្រទេសឥណ្ឌា អស់សំណើចក្នុងជីវិតរបស់លោក គឺលោកត្រូវមកទទួលពានរង្វានភាពយន្តពីក្រុមហ៊ុនដឹកជញ្ជូនឥវ៉ាន់ DHL ក៏ដោយសារតែនៅពេលនោះ ការហោះហើរត្រូវបានបិទផ្អាកទាំងស្រុង ព្រោះតែកូវីដ១៩។

យ៉ាងណាមិញគេនៅចាំបានថា ពីកម្មវិធីប្រកួតភាពយន្តភ័យរន្ធត់ Horror Bowl Movie Awards ដែលធ្វើឡើងនៅប្រទេសឥណ្ឌាមានប្រមាណជិត200រឿងចូលរួមប្រកួត នៅក្នុងនោះមានតែភាពយន្ត នាឡិកាដាស់វិញ្ញាណ-The Clock តែមួយគត់ដែលបានចំណាត់ថ្នាក់លេខមួយ និងដណ្តើមបានពានរង្វាន់ បី ប្រភេទផ្សេងគ្នាថែមទៀតផងក្នុងនោះមានដូចជា៖ ទីមួយពាន : អ្នកដឹកនាំភាពយន្តឆ្នើម ទីពីរពាន : ភាពយន្តឆ្នើម ទីបីពាន : តារាសម្តែងប្រុសឆ្នើម បានទៅលោក សន ពិសិដ្ឋ ដែលសម្តែងជាតួអង្គឪពុក។

ដោយឡែកពានរង្វាន់ «ផលិតករខ្សែភាពយន្តមានទេពកោសល្យខ្ពស់ជាងគេបង្អស់» ដែលលោក លៀក លីដា បានកាន់ជាប់ដៃ គឺជាកម្លាំងជំរុញការលើកទឹកចិត្តថែមទៀតសម្រាប់លោក និងក្រុមការងារដើម្បីធ្វើយ៉ាងណាជួយជំរុញលើកស្ទួយភាពយន្តខ្មែរកាន់តែបោះជំហ៊ានឆ្ពោះទៅកាន់ឆាកអន្តរជាតិបន្តទៀត។ ចុងក្រោយលោក លៀកលីដា ក៏បានអរគុណក្រុមការងារ LD និងអរគុណចំពោះក្រុមការងារមហោស្រពភាពយន្តអន្តរជាតិកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង៕

សូមទស្សនាវីដេអូ Top News ៖

Share.