ប្រសាសន៍លោក កឹម សុខា ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ មិនអាចឱ្យលោក សម រង្ស៊ី នៅស្ងៀមបានឡើយ ដ្បិតលោក កឹម សុខា បានអះអាងថាសម្ព័ន្ធភាពនយោបាយរវាងអ្នកទាំងពីរបានដើរផ្លូវរៀងខ្លួនហើយ ពោលគឺគ្មានឡើយពាក្យ កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ។

តាមរយៈបទសំភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាភាសារខ្មែរ លោក សម រង្ស៊ី ហាក់ជឿជាក់ថាដៃគូរបស់លោកមិនមានចេតនាពិតប្រាកដក្នុងការបែកចេញពីលោកឡើយ ដោយបានអះអាងថា«អត់មានអ្វីប្រែប្រួលទេ[កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ] ពីព្រោះបើយើងលឺសូរពាក្យសម្ដីរបស់នរណាម្នាក់ យើងត្រូវតែគិតពីបរិបទថានិយាយក្នុងបរិបទយ៉ាងដូចម្ដេច តើនិយាយចេញពីបេះដូងខ្លួន ឬដោយសារមានការគាបសង្កត់ ដោយសារចង់ដោះស្រាយបញ្ហាអ្វីផ្សេងទៀត»។

លោក សម រង្ស៊ី បានចាត់ទុកសម្ដីលោក កឹម សុខា ថាជាការនិយាយក្នុងពេលប្រឈមនឹងការចោទប្រកាន់ពីតុលាការ និងបន្តថា«ដូច្នេះគាត់និយាយនេះដើម្បីដោះសាររួចខ្លួន ខ្លួនគាត់ទេ មិនមែនចង់មកសំដៅមកខ្ញុំ ឬមួយចង់និយាយពីស្ថានការណ៍នយោបាយបច្ចុប្បន្នទេ»។ លោកថែមទាំងអះអាងថាលោក កឹម សុខា មិនមានសេរីភាពពេញលេញក្នុងការបញ្ជក់ជំហរពិតប្រាកដ និងកំពុងស្ថិតក្នុងស្ថានភាពជាចំណាប់ខ្មាំង។

យ៉ាងណាក៏ដោយ លោក កឹម សុខា បានថ្លែងច្បាស់ៗកាលពីថ្ងៃម្សិលមិញថាលោក និងកូនចៅរបស់លោក មិនគាំទ្រទង្វើលោក សម រង្ស៊ី នោះទេ រាប់ទាំងព្រឹត្តិការណ៍វិលត្រឡប់៩វិច្ឆិកាដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល និងចុងក្រោយគឺការបង្កើតគណបក្សភ្លើងទៀនដើម្បីចូលរួមការបោះឆ្នោតឃុំ សង្កាត់។ បន្ថែមលើការអះអាងថាចប់ហើយទំនាក់ទំនងជាមួយលោក សម រង្ស៊ីនោះ លោក កឹម សុខា បានព្រលយទឿតថាមនុស្សអាក្រក់សូមនៅឱ្យឆ្ងាយពីលោក។

លោក សម រង្ស៊ី និងលោក កឹម សុខា បានចាប់ដៃគ្នាបង្កើតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ មែនទែនទៅ មិនមែនជារឿងថ្មីទេដែលលោក កឹម សុខា ព្យាយាមបង្ហាញថាលោកមិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី។ លោកធ្លាប់ព្រលយឱ្យឈប់ប្រើឈ្មោះលោក និងរូបថតលោកតទៅទៀតម្ដងរួចមកហើយ ខណៈលោក សម រង្ស៊ី ដែលអះអាងខ្លួនទើបមានសេរីភាពនិយាយចេញពីចិត្តនោះ បានវាយតម្លៃថាសម្ដីលោក កឹម សុខា គឺធ្វើឡើងក្រោមគំនាបតែប៉ុណ្ណោះ៕

Share.