កញ្ញា សំ ថារ័ត្ន បានទទួលឱកាសអញ្ជើញឱ្យចូលរួមសម្ដែងខ្សែភាពយន្តខ្នាតធំនៅសាធារណរដ្ឋ ដូមីនិក ដែលនេះជាលើកដំបូងសម្រាប់កញ្ញា។ នៅក្នុងថ្ងៃសន្និសីទ្ធសារព័ត៌មានមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ថារ័ត្ន បានផ្ដាំឱ្យអ្នកគាំទ្រខ្លួន ជួយគាំទ្រការសម្ដែងដំបូងជាមួយតារាហូលីវូដ Jennifer​ Lopez​។

តារាសម្ដែងស្រីដែលមានទេពកោសល្យខាងក្បាច់គុនល្បុក្កតោរូបនេះបាននាំយកក្បាច់គុនខ្មែរដ៏ចំណាស់ទៅសម្តែងនៅក្នុងភាពយន្ដហូលីវូដ ដែលមានចំណងជើងថា « SHOTGUN WEDDING» ។ កញ្ញាបានលើកឡើងថា កញ្ញាពិតជារំភើប ដែលមានវត្តមាននៅក្នុងភាពយន្តនេះ និងជាឱកាសល្អដែលកញ្ញាបានបង្ហាញពីសមត្ថភាពខ្មែរ សិល្បៈ ក្បាច់ខ្មែរ អត្តចរិក សិលធម៌ វប្បធម៌ និងសិល្បៈនៃការចែករំលែកក្នុងនាមជាកូនខ្មែរទៅកាន់ពិភពលោក។

ភាពយន្ដ « SHOTGUN WEDDING» នឹងមានដាក់ឱ្យទស្សនានៅលើ Amazon Prime Video ក្នុងពេលឆាប់ៗនេះ។ ហើយ ថារ័ត្ន ប្រាប់ថា អ្នកគាំទ្រទាំងអស់កុំភ្លេចមកចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមទស្សនាវីដេអូសម្ភាសផ្ទាល់ជាមួយកញ្ញា សំ ថារ័ត្ន ៖

Share.