ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានប្រកាសនាំចូលខែ្សការពារកណ្តាលវ័យក្មេង ញឹម លីហួរ ពីក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមកិច្ចព្រមព្រៀងខ្ចីជើងរហូតដល់ចប់រដូវកាល២០២២។
មុនផ្លាស់ទៅកាន់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងលក្ខខណ្ឌខ្ចីជើង ខ្សែការពារវ័យ២០ឆ្នាំរូបនេះក៏ធ្លាប់ត្រូវបានក្លិបបាល់ទាត់វិសាខា ខ្ចីជើងម្តងដែលកាលពីឆ្នាំ ២០២១ ប៉ុន្តែហាក់ពុំសូវមានឱកាសបង្ហាញខ្លួនឡើយ ពោលភាគច្រើនគឺស្ថិតនៅកៅអីបម្រុង។
គួររំលឹកផងដែរថាកីឡាករ ញឹម លីហួរ បានចូលរួមចំណែកជួយ ក្លិបបាល់ទាត់ខេត្តព្រៃវែងក្លាយម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ខេត្ត និងចំណាត់ថ្នាក់លេខ៣ថ្នាក់ជាតិ និងជើងឯកលីគលំដាប់ទី២កម្ពុជាឆ្នាំ២០២០។
ទីផ្សារដោះដូរកីឡាករក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២២ ជើងទី២ ចាប់ផ្ដើមបើកទ្វាពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ តទៅហើយ ដែលរយៈពេលប្រមាណ១ខែ ដើម្បីឱ្យក្លិបទាំង៨អាចបន្ថែម ឬ ដកសមាជិកចេញត្រៀមខ្លួនប្រកួតប្រជែងពាក់កណ្ដាលរដូវកាលទៀតដែលនៅសេសសល់៕