បន្ទាយមានជ័យ៖ ក្មួយថ្លៃប្រើហិង្សា រួចយកកាំបិទប៉័ងតោគំរាមកំហែងថា នឹងសម្លាប់ ទើបពូថ្លៃប្តឹងសមត្ថកិច្ចអាវុធហត្ថចាប់វាយខ្នោះ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៣០នាទី ជនសង្ស័យឈោ្មះ ម៉ុក សុផានិត ភេទប្រុស អាយុ ២៧ឆ្នាំ បានឈ្លោះប្រកែក ជាមួយជនរងគ្រោះឈ្មោះ នូវ សុធាន (ត្រូវជាពូថ្លៃ) ដោយបានវាយទៅលើជនរងគ្រោះជាច្រើនដៃ ហើយបានយកកាំបិតប៉័ងតោ ចំនួន ០២ដើម ប្រវែង៣០សង់ទីម៉ែត្រ ជាកាំបិតរបស់ជនរងគ្រោះ ទៅដាក់ក្នុងកែបម៉ូតូរួចបាននិយាយ គំរាមកំហែងថា នឹងសម្លាប់ជនរងគ្រោះ។

ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតជួយអន្តរាគមន៍ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចបានចុះធ្វើការប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជន សង្ស័យឈ្មោះ ម៉ុក សុផានិត យកមកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរករឿងឈ្លោះ និងវៃប្រតាយប្រតប់ និងបានគំរាមថានិងសម្លាប់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ​៖ ប៉ោយប៉ែត

Share.