ខ្មាន់​កាំភ្លើងមួយ​ក្រុម​​បាន​បាញ់​សម្លាប់​មនុស្ស ៨នាក់ និង ចាប់​ជំរិត​មនុស្ស​ ៣៨​នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​ការវាយ​ប្រហារ​លើ​ព្រះវិហារ​ ២កន្លែង​ នា​ភាគ​ខាង​ជើង​​រដ្ឋ​ Kaduna កាល​ពី​ថ្ងៃ​ អាទិត្យ​ ចុង​សប្ដាហ៍​កន្លង​ទៅ​។

មន្រ្តី​មក​ពី​សមាគម​គ្រិស្ដ​សាសនា​នៃ​ប្រទេស​ នីហ្សេរីយ៉ា​ បានហៅ​កាត់​ថា CAN បាន​ឲ្យ​ដឹង​ថា​ មាន​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ស្រដៀង​នេះ​នៅ​ភាគ​និរតី​ប្រទេស​នេះ​។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុងព្រឹត្តិការណ៍​​ពេល​ព្រឹក​នៃ​ព្រះ​វិហារ​កាតូលិក​ និង ព្រះវិហារ​ បាប់ទីស នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគម CAN លោក Reverend Danlami Gajere ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters តាមរយៈ​ទូរស័ព្ទ​។

អ្នក​នាំ​ពាក្យ​ប៉ូលីស​រដ្ឋ​ និង ស្នង​ការ​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​រដ្ឋ Kaduna មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើរ​សុំ​ការ​អត្ថា​ធិប្បាយ​ទេ​។

សូម​រំលឹក​ថា កាល​ពី​ ២សប្ដាហ៍​មុន​ ខ្មាន់​កាំភ្លើង​ដែល​កាន់​កាំភ្លើង​ Ak-47 និង គ្រឿង​ផ្ទុះ​មួយ​ចំនួន បាន​ចូល​ទៅ​បាញ់​ប្រហារ​នៅ​ព្រះ​វិហារ​ St Francis Catholic ក្នុង​ទីក្រុង​ Owo ដោយ​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ៤០​នាក់​។

ស្រប​ពេល​នោះ​ដែរ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ សង្ស័យថាជា​ ក្រុម​បះ​បោរ​រដ្ឋ​ឥស្លាម​ ISIS នៅ​ទ្វីប​អាហ្វ្រិក​ខាង​លិច​ ដែលហៅ​កាត់​ថា ISWAP​។​ ប៉ុន្ដែ​ក្រុម​នេះ​មិន​បាន​ចេញ​មក​អះ​អាង​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​បាញ់​ប្រហារ​នេះ​ទេ​៕

ប្រភព៖ Reuters

Share.