សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។ ក្នុងជំនួបនោះ ឯកឧត្តម គីស៊ី ណូប៊ុអូ បានបង្ហាញក្ដីរីករាយបានចូលជួពសម្ដេច និងបានជម្រាបសម្ដេចថាវត្តមានឯកឧត្តមនៅកម្ពុជានាពេលនេះ គឺដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ ឆ្នាំនៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា ។

ឯកឧត្តមបានជម្រាបជូនសម្ដេចថាក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ និងក៏មានសេចក្តីរីករាយជាមួយនឹងការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ។

ប្រមុខការពារជាតិជប៉ុនក៏បានគូសបញ្ជាក់អំពីការជួបពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានជម្រាបសម្ដេចតេជោថាក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ។

ឯកឧត្តម គីស៊ី ណូប៊ុអូ ក៏វាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ។

សម្ដេច ហ៊ុន សែន បានឯកភាពជាមួយនឹង ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អោយកាន់តែស៊ីជម្រៅ និងបើកទូលាយជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន អោយកាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជារការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម៕

Share.