កំពង់ស្ពឺ៖ពលរដ្ឋបានសម្តែងការហួសចិត្តក្រោយពីគ្រួសារមួយដែលគេស្គាល់ថា ជាមន្ត្រីយោធា ធ្វើរបងរំលោភ យកដីសាធារណៈ (ដីផ្លូវរដ្ឋ) ធ្វើឲ្យប៉ះពាល់ដល់ការស្ថាបនាបណ្តាញប្រព័ន្ធប្រឡាយដាក់លូអមសងខាងផ្លូវលំសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងរំដោះទឹកជំនន់នារដូវវស្សា នៅភូមិតាឡាក់ ឃុំក្សោមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ  ។ 

គ្រួសារដែលបំពាននិងចាក់ដីធ្វើរបងរំលោភយកដីសាធារណៈ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះត្រូវបានប្រជាពលរដ្ឋបង្ហើបអោយដឹងថា មានបុរសជាប្តីមានឈ្មោះ ជុន សារិន  និងប្រពន្ធ ឈ្មោះ កុយ  សុខា មុខរបរ បំរើការងារនៅមន្ទីរអប់រំស្រុកឧត្តុង្គ ដែលអាងលើកូនឈ្មោះ រិ សារាជ បំរើការងារនៅអង្គភាព អគ្គបញ្ជាការ មានឋារន្តស័ក្កិវរៈសេនីយ៍ទោ មកកាងការពារ ដោយប្រើប្រាស់ឯកសណ្ឋានរបស់អង្គភាពចុះមក រារាំងមិនអោយអាជ្ញាធរ អនុវត្តតាមសេចក្តីប្រកាសរបស់ថ្នាក់ឃុំ ស្រុកក្នុងការស្តារប្រឡាយដាក់លូដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាបានឡើយ ។

បើតាមពលរដ្ឋ នៅរដូវវស្សាមានការជន់លិចភូមិរាល់ឆ្នាំពលរដ្ឋមកកាយដីចំណីផ្លូវមុខបង្ហូរទឹកកន្លងមកធ្លាប់មានការរារាំងពីក្រុមគ្រួសារខាងលើនោះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ស្រុក ជួយអន្តគមន៍ដាក់ប្រព័ន្ធលូនៅក្នុងភូមិមួយនេះជៀសផុតពីទឹកជន់លិចលង់ដូចរាល់ឆ្នាំបន្តទៀត។ នៅពេលដែលអាជ្ញាធរទទួលសំណើពីប្រជាពលរដ្ឋនិងបានចេញសេចក្ដីជូនដំណឹងរួចរាល់ហើយដាក់គ្រឿងចក្រស្ថាបនាប្រព័ន្ធលូស្រាប់តែក្រុមគ្រួសារមន្ត្រីយោធាខាងលើចេញមករារាំងមិនអោយគ្រឿងចក្រកាយក្បែររបងថ្មរបស់ខ្លួនដែលសង់លើចំណីផ្លូវរដ្ឋ ប្រើអំណាចជាយោធា ដោយសម្អាងថា ខ្លួនធ្វើការនៅផ្ទាល់ជាមួយថ្នាក់លើ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ អាជ្ញាធរភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺបានយកគ្រឿងចក្រទៅស្តារប្រឡាយដើម្បីដាក់លូរំដោះទឹកជំនន់ ប្រជាពលរដ្ឋមួយភូមិរីករាយអបអរសាទរនិងសហការណ៍ជាមួយនិងអាជ្ញាធរនិងចេញថវិកាផ្ទាល់ខ្លួនទិញលូដើម្បីដាក់មុខផ្ទះរបស់ពួកគាត់រៀងៗខ្លួន។នៅពេលដែលគ្រឿងចក្រកាយដីចំណីផ្លូវដល់របងផ្ទះដែលសង់រំលោភលើដីចំណីផ្លូវរដ្ឋ ក្រុមគ្រួសារមន្ត្រីយោធាដែលមានអំណាចបានចេញមករារាំងមិនឲ្យគ្រឿងចក្របន្តកាយប្រឡាយដើម្បីបង្ហូរចូលទៅក្នុងប្រព័ន្ធមេលូបាននោះទេ ដោយបានបញ្ជាអោយអាជ្ញាធរកាយកាត់ទទឹងផ្លូវលំបង្ហូរទៅផ្នែកម្ខាងទៀតដើម្បីរួចពីការកាយរបងរបស់ខ្លួនដែលបានសង់រំលោភលើដីរដ្ឋ៕

អត្ថបទ៖ សេង សាវី

Share.