អាជ្ញាធរ​ក្នុង​តំបន់​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ ពុធ​ ថា សមាជិក​យោធា​ ៣នាក់​ និង​ បុគ្គលិក​ឃ្លាំង​ស៊ីវិល​ម្នាក់​ ត្រូវ​បានសម្លាប់​នៅ​ឯ​មូលដ្ឋាន​យោធា​ក្បែរ​ភូមិ​ Barsovo ក្នុង​តំបន់ Vladimir នៅ​កណ្ដាល​ប្រទេស​រុស្ស៊ី​ ដោយ​សារ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​ក្នុង​ឃ្លាំង​ស្ដុក​អាវុធ​យោធា​រុស្ស៊ី​។

មន្រ្តី​សុខាភិបាល​មូលដ្ឋាន​បាន​និយាយ​ថា មនុស្ស​ម្នាក់​បាន​រង​របួស​ស្រាល​ក្នុង​ឧបទ្ទវហេតុ​នេះ​។ ទន្ទឹម​នឹង​នោះ​មន្រ្តី​ក្នុង​តំបន់​នៅ​ភាគ​ឥសាន្ត​ទីក្រុង​ ម៉ូស្គូ​ បាន​ធានា​​ថា ឧបទ្ទវហេតុដ៏សាហាវ​នេះ​គឺ​កើត​មាន​ឡើង​នៅ​ឆ្ងាយ​ដាច់​ពី​គេ​​ និង​ មិន​បង្ក​ការ​គំរាម​កំហែង​ដល់​សហគមន៍​មូលដ្ឋាន​ជនស៊ីវិល​រស់​នៅ​ទេ​ ដូច្នេះ​ពួក​គេ​មិន​មាន​គម្រោង​ជម្លៀស​ប្រជាជន​នៃ​ភូមិ​ណា​មួយ​ឡើយ​។​

យោធា​បាន​និយាយ​ថា ការ​ស្លាប់​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ដោយ​ចៃ​ដន្យ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុក​នៅ​ក្នុង​ឃ្លាំង​ ប៉ុន្ដែ​មិន​បាន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។

សូម​ជម្រាប​ថា ភូមិ​ Barsovo ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ៦​គីឡូ​ម៉ែត្រ​ ភាគនិរតី​ទីក្រុង​ Kirzhach។ មូលដ្ឋាន​យោធា​មួយ​នេះ ជា​ទីតាំង​ឃ្លាំង​ផ្ទុក​គ្រាប់​កាំភ្លើង​ធំ​ និង គ្រាប់​រ៉ុក្កែត​ ដែល​ស្ថិត​នៅ​ជាប់​នឹង​សហគមន៍​តូច​មួយ​៕​

ប្រភព៖ RT

Share.