បាត់ដំបង÷ ទើបចេញពន្ធនាគាបានមួយខែ បន្តលួចអាគុយរថយន្តរបស់ប្រជាពលរដ្ឋតាមដងផ្លូវទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ២នាក់។

អធិការនគរបាលក្រុងបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបញ្ជាក់ឲ្យដឹងថា ក្រោយជនសង្ស័យធ្វើសកម្មភាពលួចអាគុយរថយន្តកាលពីយប់ថ្ងៃទី២២ ខែមិថុនា នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជនរងគ្រោះបានចូលដាក់ពាក្យបណ្តឹងដល់សមត្ថជំនាញ ហើយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកបានចាត់កម្លាំងផ្នែកជំនាញចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់តែម្តងមកសាកសួរ។

ជនសង្ស័យមានឈ្មោះស៑ាន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះនូ ចាន់ណា ហៅឆាង ភេទប្រុស អាយុ ៣៩ឆ្នាំស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបន្ថែមទៀតថា ជនសង័្សយខាងលើជាមុខសញ្ញាចាស់ ធ្លាប់បានធ្វើសកម្មភាព លួច យកអាគុយរថយន្តរបស់ប្រជាពលរដ្ឋច្រើនលើក ច្រើនសារ កាលពីកន្លងមក ហើយនគរបាលជំនាញក៏ធ្លាប់បានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តទោសថែមទៀតនៅអំឡុងដើមខែឧសភាឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២២នេះមុខ សញ្ញាដដែលខណ:ទើបចេញពីពន្ធនាគារបានត្រឹមតែមួយខែប៉ុណ្ណោះក៏ធ្វើសកម្មភាពលួចដដែលជាថ្មីទៀត។

ក្នុងការបង្ក្រាបកម្លាំងនគរបាលបានដកហូតបានអាគុយ ៧០អំពែ ពណ៌ទឹកប៉ិចមួយគ្រាប់ ជារបស់ជនរងគ្រោះ គ្រោងប្រគល់ជូនដល់ម្ចាស់ដើមវិញ។

ជនសង័្សយទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកអាគុយរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែននៅចំណុច កើតហេតុខាងលើ។ ករណីនេះមន្ត្រីនគរបាលក្រុង បានបញ្ជូនសំណុំរឿង ក៏ដូចជាជនជាប់សង្ស័យម្តងទៀតទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.