សហរដ្ឋអាមេរិក​បាន​និយាយ​នា​ថ្ងៃ​ ​អាទិត្យ​ ទី ២៦ ខែ មិថុនា​ ថា ក្រុម​ប្រទេស​សេដ្ឋកិច្ច​​ជឿន​លឿន​ទាំង៧ (G7) នឹង​ហាម​ឃាត់​ការ​នាំ​ចូល​មាស​របស់​រុស្ស៊ី​​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឯកោ​ពី​ពិភព​លោក និង ក្នុង​គោល​បំណង​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ ម៉ូស្គូ​ ជុំវិញ​បញ្ហា​សង្រ្គាម​នៅ​អ៊ុយក្រែន​។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​​សរសេរ​នៅ​លើ​ Twitter ថា «​G7 នឹង​រួម​គ្នា​ ហើយ​ប្រកាស​ថា យើង​នឹង​ហាម​ឃាត់​ការ​នាំ​ចូល​មាស​ពី​រុស្ស៊ី​ ដែល​ការ​នាំ​ចេញ​មាសនេះ​គឺ ជា​ការ​នាំ​ចេញ​ដ៏​សំខាន់​ដែល​រក​ចំណូល​បាន​រាប់​សិប​លាន​ដុល្លារ​ បន្ទាប់​ពី​វិស័យថាមពល​ និង ឧស្ម័ន​របស់​​ប្រទេស​រុស្ស៊ី​»។

ទោះ​ជាយ៉ាង​ណាក្ដី​ ក្រុម​ប្រទេស G7 កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ជាមួយ​នឹង​ការ​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​នៅ​ថ្ងៃ​ អង្គារ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​។

មន្រ្តីរបស់ G7 បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​រុស្ស៊ី​នឹង​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ ពី​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ ដែល​បាន​ប្រឆាំង​នឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ វិស័យ​ធនាគារ ក្រុមហ៊ុន​ថាមពល ក្រុមហ៊ុន​អាកាសចរណ៍​ ក្រុមហ៊ុន​បច្ចេកវិទ្យា និង ការ​បិទ​ទីផ្សារ​មាស​រុស្ស៊ី​ ដែលវា​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​រុស្ស៊ី​។

ចក្រ​ភព​អង់គ្លេស​បាន​និយាយ​ថា ដោយ​សារ​តួនាទី​កណ្ដាល​របស់​ទីក្រុង​ ឡុងដ៍​ ក្នុង​ពាណិជ្ជកម្ម​មាស​អន្តរជាតិ​ «​វិធានការ​នេះ​នឹង​អាច​ឈាន​ទៅ​ដល់​ពិភពលោក​ ដោយ​បិទ​ទំនិញ​ចេញ​ពី​ទីផ្សារ​អន្តរជាតិ​​ផ្លូវ​ការ​»។

សូម​ជម្រាប​ថា ការនាំ​ចេញ​មាស​ពី​រុស្ស៊ី​គឺ​ជា​ការ​នាំ​ចេញ​ដ៏ធំបំផុត​ទី​២ បន្ទាប់​ពី​ការ​នាំ​ចេញ​ប្រេង​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​រុស្ស៊ី​។ ប៉ុន្តែ​បើ​យោង​តាម​គេហទំព័រ Bussiness insider india ចុះផ្សាយ​កាល​ពី​​ថ្ងៃ​ទី ២២ ខែ មិថុនា​ ​ថា រុស្ស៊ី​បាន​នាំ​ចេញ​មាស​ទៅ​ប្រទេស​ស្វីស​ជា​លើក​ដំបូង​ចាប់​តាំង​ពីមាន​​សង្រ្គាម​នៅ​អ៊ុយក្រែន ដែលនេះ​អាច​ជាហេតុ​ផល​សំខាន់​មួយ​ថា រុស្ស៊ី​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​អ្វី​នោះ​ទេ ដោយសារ​ខ្លួន​មិន​បារម្ភ​អំពី​ការ​លក់​មាស​មិន​ដាច់​ឡើយ៕

ប្រភព៖ CNA & Bussiness Insider India

Share.