បាត់ដំបង៖  បុគ្គលិកអគ្គិសនីម្នាក់តូចចិត្តនឹងមេប្តូរកន្លែងការងារពីខេត្តបាត់ដំបង ទៅខេត្តប៉ៃលិន សម្រេចចិត្តធ្វើអត្តឃាតដោយឆក់ខ្សែភ្លើងស្លាប់។

មន្ត្រីអគ្គិសនីខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា ជនរងគ្រោះមានឈ្មោះស៊ាន សារឿង មានតួនាទីជាមន្ត្រីប្រចាំការនៅចំណុចចែកចាយបណ្តាញភ្លើងអន្លុងរុន ចុងក្រោយក៏ត្រូវប្រធានការិយាល័យសម្រេចប្តូរទៅបំពេញការងារនៅខេត្តប៉ៃលិន ជាប្រធានការិយាល័យវិញ ចន្លោះពេលដែលទើបទទួលការងារថ្មីនេះមិនដឹងថាមូលហេតុអ្វីក៏ស្រាប់តែជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់ខ្សែភ្លើងស្រាតចង កដៃ កជើងរបស់ខ្លួន ហើយបើកបារ៉ែតភ្លើងបណ្តាលឲ្យឆក់ឆេះខ្លោចស្លាប់យ៉ាងអណោចអាធ័ម។

តាមសម្តីប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមបណ្តាញហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា ប្តីរបស់អ្នកស្រីមានឈ្មោះ ស៊ាន សាវឿង ជាបុគ្គលិកអគ្គិសនីខេត្តបាត់ដំបង ប្រចាំទីស្នាក់ការបណ្តាញអគ្គិសនី ( GS ) ក្នុងភូមិអន្លុងរុន ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្តីរបស់អ្នកស្រីបានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ទីស្នាក់ការចែកចាយបណ្តាញអគ្គិសនីក្នុងខេត្តប៉ៃលិន។

ការបញ្ចប់ជីវិតខ្លួនឯងដោយគ្រោងទុកមុននេះប្តីរបស់គាត់បានសរសេរបង្ហោះក្នុងបណ្តាញហ្វេសប៊ុកបញ្ជាក់ថា ការធ្វើអត្តឃាតនេះសូមផ្ញើដល់ថ្នាក់ដឹកនាំទុកសម្រាប់ជាមេរៀន ហេតុដូចម្តេចបានជាផ្ទេរទីតាំងការងាររបស់បុគ្គលិកពីទីតាំងនៅនឹងស្រុកកំណើត ខេត្តបាត់ដំបង ទៅឯខេត្តប៉ៃលិន ឆ្ងាយផ្ទះ ឆ្ងាយប្រពន្ធ និងឳពុកម្តាយ ទាំងម្ចាស់សាម៉ីខ្លួនមិនចង់ទៅ សូមថ្នាក់ដឹកនាំពិចារណាឡើងវិញ។

អ្នកស្រីបន្តថា  ការស្លាប់របស់ប្តីអ្នកស្រីក៏បានបន្សល់ទុកនូវលិខិតបណ្តាំបែងចែកកេរ្ត៍ ព្រមទាំងប្រាក់ដែលមានចំនួន ៣០លានរៀលផងដែរ ក្នុងនោះទី១- ម៉ូតូឌ្រីម សេរី២០២១ និងដី ២ឡូត៍ទុកសម្រាប់ចែកដល់ប្រពន្ធ, ទី២- ម៉ូតូ Wave ចែកឲ្យអាឡយ កូនចែវៀង, ទី៣- ដីស្រែជូនម៉ែយាយវិញចុះ។

ដោយឡែកទី៤- លុយនៅក្នុងកុងធនាគារចំនួន ៣០លានរៀលបែងចែកជា ៣ចំណែក ក្នុងនោះចំនួន ២០លានទុកចិញ្ចឹមពុក និងម៉ែយាយជាការសងគុណ និង ១០លានរៀលទៀតទុកសម្រាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់ប្រពន្ធឲ្យបានចប់ និងលុយក្នុងកុងធនាគារមួយចំនួនទៀតទុកធ្វើបុណ្យសពគាត់៕

អត្ថបទ៖ ដំបងក្រញូង

Share.