ក្រុមបាល់ទាត់វិសាខា រកបានជ័យជម្នះ២ប្រកួតជាប់ៗគ្នាក្នុងវគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2022 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្រោយបន្តយកឈ្នះម្ចាស់ផ្ទះ Bali United នៅ រសៀលថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

វិសាខាឈ្នះ Bali United ៥-២ លើទីលានកីឡដ្ឋាន Kapten I Wayan Dipta Stadium ក្នុងខេត្ត Gianyar ក្រោមការកាត់សេចក្ដីពីសំណាក់អាជ្ញាកណ្ដាល Mohamed Javiz ជនជាតិម៉ាល់ឌីវ។ គ្រាប់បាល់ជ័យជម្នះទាំង៥គ្រាប់ របស់វិសាខា រកបានដោយកីឡាករប្រេស៊ីល Paulo Victor Costa Soares នៅនាទី ១៧ និង ៦៣ ហើយកីឡាករ អ៊ុក សុវណ្ណ រកបាន ២គ្រាប់នៅនាទី ៤៥ និង ៨៨ ខណៈខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូង Lee Jae Gun រកបាន១គ្រាប់នៅនាទី៥៥។ ២គ្រាប់វាយបករបស់ Bali United រកបានដោយកីឡាករ Irfan នៅនាទី៩ និងកីឡាករ Privat នៅនាទី៨៥។

សម្រាប់ប្រកួតបិទពូលរបស់វិសាខា នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខលើទីលានដដែលដោយប៉ះក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី៕

Share.