កាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ពលរដ្ឋជាអ្នករើសអេតចាយនិងជាកម្មកររោងចក្រចំនួន ៤៥ គ្រួសារ បានទទួលជំនួយឧបត្ថម្ភពីអ្នកនាង សូដា នីតានិងបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជីវភាពដែលកំពុងតែមានការខ្វះខាតខ្លាំង។

ថ្លែងមកកាន់សារព័ត៌មានត្រយងញូវស៍ តាមសារអេឡិចត្រូនិក អ្នកនាង សូដា នីតាបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងពីបងស្រីមួយរូបដែលជាអ្នកផ្ដល់ទីតាំងស្នាក់នៅឱ្យបងប្អូនប្រជាពលរដ្ឋចំនួនទាំង៤៥គ្រួសាររស់ថា បងប្អូននៅទីនោះកំពុងជួបផលលំបាកខ្វះខាតស្បៀងអាហារ អ្នកនាងបានកៀរគរប្រមូលថវិកាពីបងប្អូននិងអ្នកស្គាល់គ្នាដែលរស់នៅសហរដ្ឋអាមេរិកបានមួយចំនួន យកមកដើម្បីទិញជាគ្រឿងឧបភោគបរិភោគជួយដល់ពលរដ្ឋដែលភាគច្រើន មានការងារជា អ្នករើសអេតចាយ កម្មករ-កម្មការិនីរោងចក្រ និង កម្មការសំណង់ ហើយបានបាត់បង់ចំណូលដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថាអំណោយរបស់អ្នកនាងរួមមានអង្ករចំនួន ៥គីឡូ សាច់ក្រក១គីឡូ ឆៃប៉ូវ១គីឡូ ត្រីខមួយយួរ ទឹកស៊ីអ៊ីវនិងទឹកត្រីផងដែរ។

អ្នកនាងសូដា នីតា បច្ចុប្បន្នគឺជាអ្នកម្ដាយកំពុងតែមានកូនតូចផងនោះ បានចុះទៅដល់ទីតាំងចែកជំនួយដោយផ្ទាល់ ដើម្បីសាកសួរសុខទុក្ខ លើកទឹកចិត្ត និង ផ្ដល់កម្លាំងចិត្តចំពោះបងប្អូនប្រជាពលរដ្ឋកំពុងជួបការលំបាកទាំងអស់។ នៅពេលត្រូវសាកសួរថាតើអ្នកនាងមិនខ្លាចទេឬ ព្រោះជំងឺកូវីដ-១៩ ជាជំងឺឆ្លង?
អ្នកនាងបានឆ្លើយតបមកកាន់អ្នកសារព័ត៌មានយើងវិញថា៖
«កូវីដគឺជាជំងឺសហាវគឺជាជំងឺលាក់មុខ ដែលយើងមើលមិនដឹង ពេលមានផ្ទុះកូវីដខ្លាំងគាត់ ក៏មិនបានចេញទៅណាដែរ គឺគាត់នៅផ្ដុំគ្នាតែក្នុងទីតាំងរស់នៅ៤៥គ្រួសារប៉ុណ្ណោះ ព្រោះភាគច្រើនគាត់ជាអ្នករើសអេតចាយ បើសិនជាគាត់កំពុងតែអត់ឃ្លាន មួយវិញទៀតបើយើងគិតតែពីការពារហើយអត់ចេញទៅជួយពួកគាត់ ពួកគាត់អាចនឹងស្លាប់ ទោះជាគាត់មិនស្លាប់ដោយសារជំងឺកូវីដ ក៏គាត់ស្លាប់ដោយសារជំងឺអត់ឃ្លានដែរ»

ជារួមតារាចម្រៀង តារាសម្ដែងមានឈ្មោះបោះសំឡេងមួយរូបក្នុងរង្វង់សិល្បៈរូបនេះតែងតែបានជួយជាជំនួយដល់បងប្អូនអ្នកខ្វះខាតជាច្រើន មិនមែនទើបតែជួយឧបត្ថម្ភលើកនេះនោះទេ ប៉ុន្តែភាគច្រើន អ្នកនាងមិនសូវចង់បង្ហាញប៉ុន្មាននោះទេ ព្រោះអ្នកនាងចូលចិត្តធ្វើអ្វីមួយបែបស្ងប់ស្ងាត់។
អ្នកនាង សូដា នីតា គឺជាតារាមួយរូបពោរពេញដោយសមត្ថភាពនិងទេពកោសល្យ តួយ៉ាងដូចជាតួអង្គ ម៉ាឡា ដែលអ្នកនាងបានសម្ដែងនៅភាពយន្តភាគល្បីរឿង «រាជិនីភូមិគ្រឹះ» របស់ទូរទស្សន៍ហង្សមាសទទួលបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានិងមហាជន៕
