បាត់ដំបង÷ សិស្សសាលាប្រុសស្រី ៦នាក់ ត្រូវរន្ទះចំបណ្តាលឲ្យសន្លប់មួយសន្ទុះធំ ពេលដែលពួកគេឈរនៅយ៉រានហាលមុខថ្នាក់ពេលមេឃភ្លៀងមួយមេធំ។

បាតុភូតរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចអនុវិទ្យាល័យរតនមណ្ឌល ក្នុងក្រុមទី៩ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុចំណុចខាងលើអាកាសធាតុបានប្រែប្រួលឡើងពពកខ្មៅ និងអួអាប់ហើយក៏ធ្លាក់ភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងដែរ មួយសន្ទុះក្រោយមកស្រាប់តែមានផ្លេកបន្ទោរនិងរន្ទះបានបាញ់មកលើដើមអាកាស្យានៅមុខថ្នាក់រៀន ហើយក៏ផ្លោងប្លាតរន្ទះមកប៉ះត្រូវដល់ក្មេងសិស្សសាលាប្រុសស្រីទាំង ៦នាក់ ដែលបានដើរចេញពីបន្ទប់ថ្នាក់រៀននៅយ៉រានហាលមុខថ្នាក់បណ្តាលឲ្យដេកដួល និងសន្លប់របួសធ្ងន់សិស្សស្រីម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកឯសិស្សចំនួន៥នាក់ទៀតរងរបួសស្រាលក្រោយសន្លប់បានមួយសន្ទុះក៏ដឹងខ្លួនឡើងវិញហើយត្រូវអាណាព្យាបាលនាំយកទៅផ្ទះរៀងៗខ្លួនដើម្បីមើលថែបន្ត។

ក្មេងសិស្សសាលាដែលរងគ្រោះថ្នាក់ទី១ ឈ្មោះ ធី ណាភីវ ភេទស្រីអាយុ១៥ឆ្នាំរបួសស្រាល ទី២ ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំរបួសស្រាល ទី៣ ឈ្មោះ ព្រើយ កញ្ញា ភេទស្រី អាយុ១៣ឆ្នាំរបួសស្រាល, ទី៤ ឈ្មោះ រី ធីតា ភេទស្រីអាយុ១៤ឆ្នាំរបួសស្រាល ទី៥ ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំរបួសស្រាល និងទី៦ ឈ្មោះ ឡូត មីនា ភេទស្រីអាយុ១៥ឆ្នាំរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ៕

អត្ថបទ៖ ដំបងក្រញូង

Share.