រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែមិថុនានេះ បានណែនាំឱ្យមន្រ្តីក្រោមឱវាទរៀបចំឯកសារចុះបញ្ជីដីអតីតទីតាំងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺឱ្យបានឆាប់ និងជាបន្ទាន់ ខណៈបច្ចុប្បន្នដីនេះបានប្រគល់ឱ្យសាលានគរបាលជាតិភូមិ៣ ខេត្តកំពង់ស្ពឺ។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថានេះជាលើកទី១ហើយ ដែលសម្ដេច បានអញ្ជើញមកដល់សាលានគរបាលជាតិភូមិភាគ៣នេះ និងបានរម្លឹកថាកន្លងមក ទីតាំងសាលានេះ ជាអតីតទីតាំងផលិតគ្រឿងញៀនដ៏ធំមួយដែលសមត្ថកិច្ចបង្ក្រាបបាន ហើយដែលត្រូវបានតុលាការកំពូលសម្រេចប្រគល់ដីនេះមកឱ្យក្រសួងមហាផ្ទៃ ទើបក្រសួងរៀបចំទីនេះជាសាលាបណ្ដុះបណ្ដាលនគរបាលភូមិភាគ៣តែម្ដង។

សម្ដេចបានណែនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចុះបញ្ជីដីធ្លីទីតាំងនេះ ក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋឱ្យបានឆាប់និងជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍សាធារណៈ និងបន្តថា បើទោះបីជាទីតាំងនេះដីនៅទំនេរច្រើនមែន ប៉ុន្តែក៏មានការងារច្រើនត្រូវធ្វើលើទីតាំងទាំងនោះដែរ ក្នុងនោះសម្ដេច បានផ្ដួចផ្ដើមឱ្យរៀបចំទីតាំងចិញ្ចឹមសត្វ ដូចជាគោនិងពពែជាដើម ហើយសាលាត្រូវសហការជាមួយមន្រ្តីជំនាញកសិកម្ម ដោយសម្ដេចនឹងផ្ដល់ពូជឱ្យសាលារៀបចំចិញ្ចឹម៕

Share.