ក្រុមបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក ហុង ផេង (គ្រូបណ្តោះអាសន្នជំនួសលោក ហៅ សុជាតិ ដែលជាប់ពិន័យ៦ប្រកួត) ទទួលបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Tiffy Army FC ក្នុងលទ្ធផល ៣-៤ ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២២ សប្តាហ៍ទី៩។

ខ្សែ​ការពារ ហុង ផេង របស់​ក្រុម​បឹងកេត បាន​ប្រកាស​ពី​ការ​ព្យូរ​ស្បែក​ជើង​របស់​ខ្លួន​ពី​អាជីព​កីឡាករ​បាល់ទាត់នៅដើមឆ្នាំ២០២២ ក្រោយ​ចំណាយ​ពេល​១០​ឆ្នាំ​លើ​ទីលាន។ កីឡាករវ័យ៣២ឆ្នាំរូបនេះ បាន​ចាយ​ពេល​រស់​នៅ​ជាមួយ​បឹងកេត ជាង​៧ឆ្នាំ បន្ទាប់​ពី​ចាកចេញ​ពី​ភ្នំពេញក្រោន នៅ​ឆ្នាំ​២០១៤។ រូប​គេ​ក៏​ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចន្លោះ​ឆ្នាំ​២០១៤​ដល់​២០២០ ផង​ដែរ។

បច្ចុប្បន្នកីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង បាន​​ចូលរួម​បំពេញ​ការ​សិក្សា​គ្រូ​បង្វឹក​កម្រិត AFC B License កាល​ពី​ពេល​ថ្មីៗនេះ។ យ៉ាងណាក្ដី​រូប​គេ​ត្រូវ​បាន​ក្លិប​បឹងកេត ​ផ្ដល់​ទំនុក​ចិត្ត​ដឹកនាំ​ក្រុម​បាល់ទាត់​ឈុត​យុវជន​ក្រោម​អាយុ​១៥ឆ្នាំ​ផង​ដែរ៕

Share.