យោង​តាម​នាយក​ដ្ឋាន​វិទ្យាសាស្រ្ត​វេជ្ជសាស្រ្ត​ថៃ បាន​ឲ្យ​ដឹង​ថា ទម្រង់​វីរុស​អូមីក្រុង​បំប្លែង​ខ្លួន​ ២ប្រភេទ គឺ BA.4 និង BA.5 នឹង​ក្លាយ​ជា​វិរុស​បន្ទាប់​បន្សំ​នៃ​មេរោគ​ Covid-19 ​ដែល​គ្រប​ដណ្ដប់​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​ឆាប់​ៗ​នេះ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ថា​ បណ្ដាល​ឲ្យ​អ្នក​ឆ្លង​មាន​អាការៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​។

ប្រធាន​នាយក​ដ្ឋាន​វេជ្ជសាស្រ្ត​ថៃ លោកវេជ្ជបណ្ឌិត​ Supakit Sirilak បាន​និយាយ​នា​ថ្ងៃ​ ច័ន្ទ នេះ​ថា វីរុស​អូមីក្រុង​ក្លែង​ពូជ​ប្រភេទ BA.4 និង BA.5 បាន​រួម​ចំណែក​ដល់​ទៅ​ជាង ៥០% នៃ​ករណី​ឆ្លង​​មេរោគ ​កូវីដ​១៩ ​​ថ្មី​​ទាំង​អស់​ កាល​ពី​សប្ដាហ៍​មុន​។

លោក​បាន​បន្ដថា «​បំរែ​បំរួល​រង​ នឹង​ជំនួស​វីរុស​បំប្លែង​ខ្លួន​ផ្សេង​ទៀត​បន្ដិច​ម្ដង​ៗ ដូចជា វីរុស​បំប្លែង​ខ្លួន Omicron និង វីរុស Delta ជា​ដើម​»​។

លោក​បញ្ជាក់​ថា មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​អំពី​ភាព​ធ្ងន់​ធ្ងរ​របស់​វីរុស​អូមីក្រុង​ក្លាយ​ពូជ​ប្រភេទ BA.4 និង BA.5 នោះ​ទេ ប៉ុន្ដែ​មន្រ្តី​សុខាភិបាល​បាន​សន្មត់​ថា ពួកវា​អាច​ឆ្លង​បាន​ច្រើន​ និង ខ្លាំង​ជាង​វីរុស​ទម្រង់​ដើម​។​

លោកវេជ្ជបណ្ឌិត​ Supakit បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​សប្ដាហ៍​មុនករណីឆ្លង​​ថ្មី​ក្នុង​ស្រុក និង​ នាំ​ចូល គឺជា​​ វីរុស​អូមីក្រុង​ ១០០% ហើយ​វីរុស​នេះ ​ក៏​កំពុង​ចម្លង​​ដូច​ដែល​វា​បាន​ឆ្លង​នៅ​ទូទាំង​ពិភព​លោក​។ ដូច្នេះ​ការ​ការពារ​ផ្ទាល់​ខ្លួន នៅ​តែ​ចាំ​បាច់​ យើង​គួរ​តែ​ពាក់​ម៉ាស​នៅ​​ពេល​ដែល​ស្ថិត​នៅ​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ ហើយ​យើង​គួរ​តែ​ចាក់​វ៉ាក់សាំង​ដើម្បី​បង្កើម​ភាព​សុំា​ក្នុង​រាង​កាយ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​មនុស្ស​ប្រហែល ១,០០០​នាក់​ ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ឆ្លង​វីរុស​ទម្រង់​ក្លាយ​ពូជ BA.4 និង BA.5 ដោយ​ករណី​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទីក្រុង បាងកក​៕

ប្រភព៖ Bangkok Post

Share.