ខេត្តតាកែវ ៖ សត្វជ្រូកចំនួន៨០ក្បាល ដែលឈ្មួញលួចនាំចូលមកពីប្រទេសជិតខាង ហើយត្រូវបានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់បានកន្លងមក នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួចនាំយកទៅធ្វើចត្តាឡីស័ក នៅក្នុងស្រុកបាទី ខេត្តតាកែវ រកឃើញថាមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សត្វជ្រូកទាំង៨០ក្បាលនេះ ត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបស្ទាក់ចាប់បាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងមក នៅលើផ្លូវជាតិលេខ១ ក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រែវែង ដែលឈ្មួញលួចនាំចូលមកពីប្រទេសជិតខាង តាមច្រកស្វាយអាង៉ោង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយពីចាប់បានជ្រូកទាំង៨០ក្បាល បាននាំយកទៅធ្វើចត្តាឡីស័ក នៅក្នុងស្រុកបាទី ខេត្តតាកែវ ហើយត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក រួចធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្រោយការចូលរួមពីសំណាក់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្ងាតជំងឺនេះរីកសាយភាយ ៕

Share.