ភ្នំពេញ ៖ ក្រុមអ្នកញៀនលេងល្បែងសុីសង ចាក់ ភ្នាល់ កំពុងតែប្រមូលផ្តុំគ្នាលេងល្បែងសុីសង ជល់មាន់តាម អនឡាញ ស្រែកហ៊ោៗ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចូលទៅដល់ល្មម បង្ក្រាបចាប់ឃាត់ខ្លួនបាន២៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ជាអ្នកមើលការខុសត្រូវផ្ទះ ។

ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅផ្ទះគ្នានលេខ តាមផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើលួចបើកលេងល្បែងសុីសង ជល់មាន់តាមអនឡាញ ដោយខុសច្បាប់ បង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យកម្រិតស្រាល ស្នងការក្រុងភ្នំពេញ ចុះបង្ក្រាប ឃាត់ខ្លួនអ្នកលេងល្បែងបាន២៨នាក់ ក្នុងនោះមានស្រីម្នាក់ ជាអ្នកមើលការខុសត្រូវក្នុងផ្ទះ ដកហូតបានម៉ូតូចំនួន០៨គ្រឿង ក្បាលទូរទស្សន៍ចំនួន០៣គ្រឿង និងសម្ភារៈបម្រើក្នុងផ្ទះបនល្បែងមួយចំនួនទៀតផង ។

ក្រោយពីបង្ក្រាបទីតាំងបនល្បែងសុីសងតាមអនឡាញខាងលើ មនុស្សទាំង២៨នាក់ និងសម្ភារៈពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ ការិយាល័យជំនាញ ស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ។ រីឯផ្ទះខាងលើ ត្រូវបាន សមត្ថកិច្ច អាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុង សែនជ័យ

Share.