«មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួន គឺនឹងធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងទុក្ខវេទនា ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយនៅក្នុងរបបប៉ុលពត»។ នេះជាទស្សនាទាន ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញជា​តំ​ណាង​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

វឥស្សជនវ័យក្មេង និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា នាពេលអនាគតរូបនេះ ក៏បានមានប្រសាសន៍ទៀតថាការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែងនៅក្នុងសង្គម គឺការចាំបាច់ និងមិនអាចខ្វះគ្នាបានឡើយ ជាពិសេសការបង្រៀនរបស់សាសនាឱ្យមនុស្សចេះស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យបាប ក៏ដូចជាគោលការណ៍សីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក។

នាឱកាសនោះដែរ​ ឯកឧត្តម ហ៊ុន ម៉ាណែត បានរំលឹកដល់វីរភាពសម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបន្តថា«សម្ដេចជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះគឺការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋរាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩»៕

Share.