នៅក្នុងពិភពសិល្បៈកូរ៉េ ពិសេសក្នុងឧស្សាហកម្មតន្ត្រីក្នុងប្រទេសកូរ៉េ មានផលិតកម្មខ្លះដូចជា JYP គឺមានច្បាប់មួយហាមតារាចម្រៀងមានស្នេហាឬមានទំនាក់ទំនងបែបមនោសញ្ចេតនាជ្រាលជ្រៅដូចជា «ហាមមានស្នេហារហូតប្រឡូកក្នុងសិល្បៈបាន៣ឆ្នាំសិន» ជាមួយភេទផ្ទុយគ្នា ដូច្នេះដើម្បីគេចផុតពីការតាមទាន់តារាទាំងអស់ត្រូវតែមានល្បិចនិងយុទ្ធសាស្ត្ររៀងៗខ្លួន។ យោងតាមសារព័ត៌មាន SCMP ខាងក្រោមនេះជាគន្លឹះដែល Idol កូរ៉េចែករំលែកយុទ្ធសាស្ត្រ Date គ្នាបែបសម្ងាត់៖
១./ ប្រើប្រាស់មេអណ្ដើត
តារាចម្រៀង K-pop ភាគច្រើនជុំវិញខ្លួនរបស់ពួកគេហ៊ុំព័ទ្ធដោយកាំមេរ៉ា ដូច្នេះមិនមែនជាការងាយស្រួលឡើយដែលតារាចម្រៀងកូរ៉េអាចបានស្គាល់គ្នាទៅវិញទៅមកក្រៅរង្វង់ដែលរុំព័ទ្ធដ៏ក្រាស់។ ក្នុងករណីបែបនេះតារាចម្រៀងក្រុម Girl’s Day Hyeri បានផ្ដល់គន្លឹះពិសេសមួយ។ ក្នុងកម្មវិធី Talk Show Life Bar ដែល Hyeri ជាតារាកិត្តិយសបញ្ចាំងអំឡុងឆ្នាំ២០១៧ Hyeri បាននិយាយថាវិធីសាស្ត្រតែមួយគត់គឺទៅរកអ្នកផាត់មុខនិងធ្វើសក់ដែលស្គាល់តារាច្បាស់។

២./ ផ្ញើសាររកគ្នាជាសម្ងាត់
ក្រៅពីមិនសុំលេខទូរស័ព្ទ តែតារាខ្លះបានប្រើប្រាស់យុទ្ធសាស្ត្រទុកលេខទំនាក់ទំនងរបស់ខ្លួនឱ្យទៅភាគីម្ខាងទៀតដែលខ្លួនចាប់អារម្មណ៍។ នៅក្នុងឧស្សាហ៍កម្ម K-pop ជាប្រពៃណីសម្រាប់ Idol ដែលជាសិស្សប្អូនត្រូវទៅសួរសុខទុក្ខសិស្សច្បងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដើម្បីជំរាបសួរនិងណែនាំពីអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន។ កាលពីឆ្នាំ២០១៩ក្នុងកម្មវិធី Hun Man Jung Eum តារាចម្រៀង Yoo Ji Ae ទទួលស្គាល់ថាសមាជិកម្នាក់ក្នុងក្រុម Lovelyz ទទួលបាន CD ដែលមានចុះហត្ថលេខាពីក្រុមចម្រៀងផ្សេងក្នុងនាមជាអ្នកគាំទ្រ ប៉ុន្តែនៅក្នុងសំបកនោះមានសរសេរលេខទំនាក់ទំនងរបស់គេក្នុងនោះ។

៣./ ណាត់គ្នាបែបចំហនៅទីសាធារណៈ
យុទ្ធសាស្ត្រពិសេសមួយដែល Idol ប្រើដើម្បីគេចពីការចាប់អារម្មណ៍គឺទៅកន្លែងសាធារណៈដែលមានមនុស្សច្រើន។ កាលពីឆ្នាំ២០១៨ ក្នុងកម្មវិធី Radiostar សមាជិកក្រុមចម្រៀង Rainbow ដែលមានតួនាទីជាប្រធានក្រុម Kim Jae Kyung ទទួលស្គាល់ថាវិធីសាស្ត្រគេចពីការអារម្មណ៍ថាខ្លួនមានទំនាក់ទំនងស្នេហាគឺទៅរាជវាំងស្លៀកហាន់បុកហើយនាំគ្នាដើរលេងនិងទស្សនានៅទីនោះ។ ដោយសារទីនោះជាទីតាំងទាក់ទាញទេសចរណ៍ គ្រប់គ្នាស្លៀកហាន់បុកដូចៗគ្នាដូច្នេះស្ទើរតែគ្មានអ្នកចំណាំនាងបាននោះទេ ជាពិសេសអ្នកទេសចរណ៍រវល់មើលទេសភាព មិនមែនចាប់អារម្មណ៍មើលមនុស្សនោះទេ។ មួយវិញទៀតតារាចម្រៀងរូបនេះថែមទាំងផ្ដល់ដំបូន្មានដល់ប្អូនប្រុសដែលជាតារាចម្រៀងដូចគ្នាថា ពេលមិនទាន់ល្បីត្រូវឆ្លៀតពេលព្យាយាមដើរលេងនិងណាត់ជួបគ្នាឱ្យបានច្រើន។

៤./ ធ្វើអ្វីត្រូវមានភស្តុតាងនិងគ្រឿងសំអាង
ដើម្បីគេចពីភ្នែកម្នាស់របស់អ្នកចាត់ការទូទៅ វិធីល្អបំផុតត្រូវមានគ្រឿងសំអាងឱ្យបានស្រេច។ យោងតាមសមាជិក Rainbow មួយរូបទៀតគឺ Jisook បាននិយាយនៅក្នុងកម្មវិធី Singderella កាលពីឆ្នាំ២០១៧ តារាចម្រៀងរូបនេះប្រើប្រាស់វិធីសាស្ត្រចេញក្រៅកន្លែងស្នាក់នៅដោយការនិយាយថាខ្លួនចេញក្រៅហាត់ប្រាណ តែការពិត Jisook ចេញទៅជួបមិត្តប្រុសរបស់នាងនោះទេ។ ដោយខ្លាចត្រូវគេចាប់បាន រាល់ពេលចេញក្រៅនាងតែងតែយកកៅស៊ូលោតហាត់ប្រាណតាមខ្លួនជាប់ជានិច្ច។

៥./ ណាត់គ្នាបែបមិនបាច់ជួបមុខ
ឆ្ងល់មែនទេ? ណាត់គ្នាបែបមិនបាច់ជួបមុខដោយបែបណា? តាមរយៈវិធីសាស្ត្រដែលរៀបរាប់មកខាងលើ វិធីសាស្ត្រចុងក្រោយនេះ គឺល្អជាងគេបំផុត ព្រោះ១០០ភាគរយមិនមានអ្នកណាបានឃើញនោះទេ។ កាលពីឆ្នាំ២០០៩ ក្នុងកម្មវិធី Hun Man Jung Eum អតីតតារាចម្រៀងក្រុម 2NE1 Sandara Park បាននិយាយថានាងមិនដែលត្រូវបានចាប់បានថាមានទំនាក់ទំនងជាមួយបុរសនោះទោះជាខ្លួនមានទំនាក់ទំនងសុទ្ធតែជាមួយតារាៗដូចគ្នាតាំងពីប្រឡូកក្នុងសិល្បៈក្ដី។ នាងបាននិយាយថា នាងប្រើប្រាស់ស្នេហាអនឡាញ ដែលក្នុងន័យមួយទៀតគឺ មិនបាច់ជួបមុខគ្នាផ្ទាល់។ Sandara និយាយថាតាំងពីចេះមានទំនាក់ទំនងខ្លួនមិនដែលចេញទៅញ៉ាំអីជាមួយគ្នាឬកុម្មង់អាហារអីមកញ៉ាំនោះទេពេលណាត់ជួបគ្នាដើម្បីគេចផុតពីការមើលឃើញ។ Sandara ថែមទាំងនិយាយបែបលេងសើចទៀតថា មុនពេលមាន Covid-19 កញ្ញាមិនដែលមានឱកាស Date គ្នាបែបជួបមុខផ្ទាល់ face to face ម្ដងណាឡើយ។

៦./ ឆ្លៀតឱកាសជួបក្រោយឆាក
នៅក្នុងកម្មវិធី Life Bar សមាជិកក្រុម Girl’s Day បាននិយាយលេងសើចថា ពួកគេតែងតែទទួលអារម្មណ៍ស្នេហាតាមរយៈខ្យល់ព្រោះក្នុងកម្មវិធីធំៗគឺជាឱកាសដែល Idol បានជួបមុខគ្នា ឧទាហរណ៍ដូចជា Athletics Championship ជាកម្មវិធីដែលមានតារាចម្រៀងមកចូលរួមជាច្រើនក្រុម សូម្បីតែពិធីករ Jun Hyun ក៏ទទួលស្គាល់ក្នុងកម្មវិធី Happy Together 3 ដែរថា គាត់មើលឃើញតារាញ៉ែគ្នាពីក្នុងប៊ូត MC របស់ខ្លួន។ អតីតសមាជិកក្រុម 4Minutte Jeon Ji Yoon ក៏បានចែករំលែកក្នុងកម្មវិធី Video Star ដែរថាមានកន្លែងអាថ៌កំបាំងជាច្រើនដែលក្នុងស្ថានីយទូរទស្សន៍ដែលអាចឱ្យតារាអាចឆ្លៀតជួបគ្នាបែបសម្ងាត់បានដូចជាផ្លូវដើរនិងកន្លែងសម្រាកជាដើម។ ខណៈសមាជិក T-ara បានចែករំលែកក្នុងកម្មវិធី On&Off ថាពួកខ្លួនឆ្លៀតណាត់ជួបគ្នានៅលើជណ្ដើរឬនៅលើដំបូលអគារស្នាក់នៅ ព្រោះមានភាពងាយស្រួលបើសិនជា Manager ត្រលប់មកវិញគឺងាយនឹងរត់ចូលកន្លែងគេង។

ស្ដាប់ៗទៅជីវិតជាតារាកូរ៉េមិនងាយស្រួលសោះ ព្រោះសូម្បីមានស្នេហាក៏ត្រូវលួចលាក់ដើម្បីបានជួបគ្នាដែរ។
