ខណនេះពិភពសិល្បៈកំពុងតែមានការចាប់អារម្មណ៍ជាពិសេសនៅពេលដែលកំពូលតារាសម្ដែងហូលីវូដវ័យ៥៨ឆ្នាំ Brad Pitt ចេញមកប្រកាសថាលោកមានជំងឺចម្លែកម្យ៉ាង គឺជំងឺមិនស្គាល់មុខមនុស្ស ឬហៅដោយងាយៗថាជំងឺភ្លេចមុខមនុស្ស ឬមានឈ្មោះជាភាសាបច្ចេកទេស (Prosopagnosia)។

ជំងឺរបស់ Brad Pitt នេះមិនសូវជាមានអ្នកកើតនោះទេ ដោយអាការៈរបស់ជំងឺគឺមិនអាចចាំមុខរបស់អ្នកដទៃបាន ហើយជួនកាលទៀតសូម្បីតែមុខរបស់ខ្លួនឯងក៏ភ្លេចដែរ។ ក្រៅពីភ្លេចមុខរបស់ដទៃហើយ អ្នកជំងឺមិនអាចប្រាប់ពីលក្ខណៈផ្សេងៗរបស់មនុស្សតាមរយៈមុខមាត់ ដូចជា អាយុ ភេទ ឬការបញ្ចេញទឹកមុខ។ សម្រាប់អ្នកជំងឺដែលមិនសូវឈឺធ្ងន់អាចសម្របខ្លួនចូលចុះជាមួយនឹងសង្គមបានដោយគ្មានបញ្ហា ប៉ុន្តែសម្រាប់អ្នកដែលមានអាការៈធ្ងន់ធ្ងរអាចនឹងដកឃ្លាចេញពីសង្គម កាត់ផ្ដាច់សម្ព័ន្ធភាពឯកជនឬអាចឈានដល់កើតជំងឺបាក់ទឹកចិត្ត។

Brad Pitt បានចេញមកបង្ហើបឱ្យសាធារណជនក៏ដូចជាអ្នកគាំទ្រលោកបានជ្រាបថា លោកកំពុងមានបញ្ហាពេលលោកជួបមនុស្សនៅក្នុងកម្មវិធីជប់លាង ឬត្រូវជួបស្គាល់មនុស្សថ្មីៗ លោកមិនអាចចាំអ្នកណាបានឡើយ ហើយនោះគឺជាហេតុផលចម្បងដែលធ្វើឱ្យលោកគេចវេសមិនចង់ចូលរួមក្នុងការងារសង្គម ឬកម្មវិធីផ្សេងៗ។ Brad Pitt ជឿថាខ្លួនកំពុងតែកើតមានរោគសញ្ញាជំងឺ ដោយលោកលើកឡើងថា «គ្មានអ្នកណាជឿសម្ដីខ្ញុំ! ខ្ញុំក៏ចង់ជួបមនុស្សដូចគ្នាដែរ»។


ប្រភព៖ បរទេស

Share.