អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃ ១១​ ខែ វិច្ឆិកា ​ឆ្នាំ ២​០២១ សាងសង់បានប្រមាណ៦៩ភាគរយហើយ។ នេះបើតាមរបាយការណ៍ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយករដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រាយការណ៍ក្នុងកិច្ចប្រជុំដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងអគ្គនាយក តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រុមហ៊ុនសាងសង់ និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមហ៊ុនបង្កើនការយកចិត្តទុកដាក់សាងសង់អគារទីស្ដីការក្រសួងឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំប្រព័ន្ធភ្លើង និងទឹកឱ្យមានសុវត្ថិភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។

នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តដឹកនាំអង្គប្រជុំ អញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ដែលគិតមកដល់ពេលនេះ ដំណើរការសាងសង់ សម្រេចបាន៦៩ភាគរយហើយ។

អគារ​ថ្មី​នៃ​ទី​ស្ដី​ការ​ក្រសួង​មហា​ផ្ទៃ​កម្ពស់​៩​ជាន់​ បណ្ដោយ​ជាង១៥០​ម៉ែត្រ​ និង​ទទឹង​ជាង​៨០ ម៉ែត្រ​ ​នៅ​ក្នុង​បរិ​វេណ​ទី​តាំង​ចាស់​ ចំណាយ​ថវិកា​រដ្ឋ​ប្រមាណ​ជាង៦០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិ​ក​ មាន​កន្លែង​ការ​ងារ​សម្រាប់​មន្ត្រី​ប្រមាណ​៨ ៥០០​​នាក់​ និង​មាន​កន្លែង​ចត​យាន​យន្ត​ប្រមាណ​​​៣៣០គ្រឿង​។

បើផ្អែកលើរបៀបវារៈនៃកិច្ចប្រជុំកាលព្រឹកមិញ ក្រៅពីកិច្ចប្រជុំអំពីការសាងសង់ទីស្ដីការក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃក៏មានគម្រោងសាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យផងដែរ៕

Share.