យោងតាមសេចក្ដីប្រកាសរបស់ក្រុមមេធាវីការពារក្តីកញ្ញា មាន ពេជ្ររីតា នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ បានប្រកាសដំណឹងជូនសាធារណជនថា សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បាននឹងកំពុងមានចំណាត់ការតាមនីតីវិធីនៅសាលាដំបូងរាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដែលបានការពារក្ដីកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV មានសេចក្ដីលម្អិតដូចខាងក្រោម៖
ក្រុមមេធាវីការពារក្តីឲ្យកញ្ញា មាន ពេជ្ររីតា សុំបញ្ជាក់ថា សំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ដែលមានលេចឮជាព័ត៌មានពុំច្បាស់លាស់ពីមួយទៅមួយថាត្រូវបានបញ្ចប់ស្ងាត់ៗ តាមរូបភាពចរចាគ្នានោះ ពុំមានករណីដូចនេះកើតឡើងនោះទេ។

បច្ចុប្បន្ននេះសំណុំរឿងឧកញ៉ា ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា កំពុងធ្វើចំណាត់ការតាមនីតិវិធី ដោយចៅក្រមស៊ើបសួរជាសមត្ថកិច្ច (កញ្ញាមាន ពេជ្ររីតា បានចូលបំភ្លឺចំនួន២លើករួចហើយ ឯភាគីលោកឧកញ៉ាវិញក៏បានចូលបំភ្លឺ១លើករួចហើយដែរ នៅចំពោះមុខចៅក្រមស៊ើបសួរ)។ ខណៈនេះដោយសារពិនិត្យឃើញកញ្ញា មាន ពេជ្ររីតា គ្មានកំហុស មេធាវីការពារសិទ្ធិបានដាក់ពាក្យស្នើសុំ ទៅចៅក្រមស៊ើបសួរលើកលែងការចោទប្រកាន់រួចហើយ។

ដោយឡែកចំពោះបណ្តឹងដែលកញ្ញា មាន ពេជ្ររីតា ប្តឹងលោកឧកញ៉ា ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវបឋម (ក្នុងនោះភាគីដើមបណ្តឹង មាន ពេជ្ររីតា អមការពារដោយមេធាវីបានចូលបំភ្លឺជូនសមត្ថកិច្ច នគរបាលរួចហើយ តែចំពោះភាគីលោក ហេង សៀ ពុំបានទទួលព័ត៌មានច្បាស់ថា សមត្ថកិច្ចហៅចូល ឬមិនទាន់ហៅចូលនៅឡើយ)។

ក្រុមមេធាវីការពារកញ្ញា មាន ពេជ្ររីតា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការនីតិវិធី លើសំណុំរឿងទាំងពីរនេះ។
ប្រសិនបើមានអ្វីថ្មីបន្ថែមពាក់ព័ន្ធនឹងរឿងក្ដី កញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ ជាបន្តទៀត សារព័ត៌មានត្រយងញូវស៍នឹងលើកយកមកផ្សព្វផ្សាយជូនជាបន្តបន្ទាប់ទៀត៕
