ប៉ៃលិន ÷ ឆេះផ្ទះរបស់ប្រជាពលរដ្ឋលក់ចាប់ហួយចំនួន ៣ខ្នងបន្តបន្ទាប់គ្នាបំផ្លាញអស់ទ្រព្យសម្បត្តិខ្ទង់រាប់ម៉ឺនដុល្លាក្នុងខេត្តប៉ៃលិន។

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ម៉ោង ០៦:២០នាទីព្រលប់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ ឋិតនៅត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។នគរបាលបានប្រាប់ឲ្យដឹងថា÷ ជនរងគ្រោះម្ចាស់ផ្ទះទី១ មានឈ្មោះជា វ៉ាន់ដន ភេទប្រុស អាយុ ៣២ឆ្នាំ ផ្ទះដែលឆេះអស់ស្ទើរតែស្រុងជាប្រភេទផ្ទះដំបូល និងជញ្ជាំងសាងសង់ពីស័ង្កសី ទំហំ ០៦x២០ម៉ែត្រ ចំណែកទ្រព្យសម្បត្តិដែលបង់ខាតរួមមាន: ប្រាក់បាតចំនួន ១៥,០០០ បាត, ប្រាក់ខ្មែរចំនួន ២,០០០,០០០ លានរៀល ប្រាក់ដុល្លាចំនួន ៤,០០០ដុល្លា ស្រាបៀរចំនួន ៨០កេះ និងឥវ៉ានចាប់ហួយសរុបទឹកប្រាក់ប្រហែល ៥,០០០ដុល្លា។ម្ចាស់ផ្ទះទី ២ ឈ្មោះជីវ សុខលី ភេទប្រុស អាយុ ៤៥ ឆ្នាំ ផ្ទះដែលបាត់បង់ប្រភេទដំបូល នឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធមានទំហំ ០៤x២០ម៉ែត្រ បង់ខាតទ្រព្យ សម្បត្តិដូចជា ៖ ប្រាក់ចំនួន ៣០០,០០០ រៀល គ្រែប្រអប់មួយ និងសម្ភារ:មានតម្លៃមួយចំនួនទៀត។

និងម្ចាស់ផ្ទះទី ៣ មានឈ្មោះឌី ភេទប្រុស អាយុ ៤៥ ឆ្នាំ ខាតបង់ទ្រព្យសម្បត្តិដូចជា ÷ ឆេះផ្ទះធ្វើពីស័ង្កសីសុទ្ធ ទំហំ ០៤x២០ម៉ែត្រ និងម៉ូតូចាស់ចំនួន ០១គ្រឿង, មាស ១ជី, ខ្សែដៃផ្លាកទិន ៩ជី ប្រាក់ ១,៣០០ដុល្លា ប្រាក់បាត ២០,០០០បាត និងឥវ៉ាន់ចាប់ហួយមួយចំនួនធំសរុបចំនួនប្រហែល ១៦,០០០ដុល្លា ។

លោកអធិកាបានបន្តថា÷ ជាដើមហេតុនៃអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅផ្ទះទី ០១ មុនរួចក៏រាលឆ្លងផ្ទុះហ្កេសបណ្ដាលឲរាលឆេះដល់ផ្ទះចំនួនពីរខ្នងថែមទៀត ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

អត្ថបទ÷ដំបងក្រញូង

Share.