
ក្រោយធ្វើដំណើររយៈពេល៣៨ម៉ោងពីកម្ពុជា ទៅបារ៉ែន ពោលគឺចេញដំណើរពីម៉ោង១១:៥៥នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ទៅដល់នៅម៉ោង១០យប់ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ហើយនៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ នេះទើបចេញលទ្ធផលធ្វើតេស្តរកជំងឺកូវីដ-១៩ ថា«អវិជ្ជមាន» ទាំងអស់គ្នា។
សហព័ន្ធកីឡាបាល់ទាត់បញ្ជាក់ថា៖«លទ្ធផលនៃការធ្វើតេស្តជំងឺឆ្លងកូវីដ-១៩ របស់ក្រុមជម្រើសជាតិកម្ពុជា ពេលធ្វើដំណើរចូលប្រទេសបារ៉ែន បានចេញមកហើយ យើងអាចចាប់ផ្ដើមការហ្វឹកហាត់យើងបាន»។

ក្រុមជម្រើសជាតិកម្ពុជា ត្រូវចូលរួមប្រកួតវគ្គជម្រុះពូល C ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដោយមានក្រុមអ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និងហុងកុង ខណៈប្រកួតដែលនៅសល់ត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី៣ មិថុនា ហើយបន្តជួបអ៊ីរ៉ាក់ នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១១ មិថុនា៕