តារា​សម្ដែង​ល្បី​លោក​ Christian Bale បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ The Washington Post ពី​អតីត​កាល​ ក្នុង​គ្រាដែល​លោក​បាន​ត្រៀម​លក្ខណៈ​សម្ដែង​ជា​តួអង្គ​ Batman (មនុស្ស​ប្រជៀវ) ក្នុង​ភាពយន្ត​ Batman Begins របស់​អ្នក​ដឹកនាំ Christopher Nolan ដោយ​កាល​ពី​សម័យ​នោះ​ Batman សម្រាប់​ភាពយន្ត​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​រឿង​បែប​កំប្លែង​ទៅ​ហើយ​ដូច​ជា​ Batman & Robin កាល​ពីឆ្នាំ​១៩៩៧​ ដូច្នេះ​គ្មាន​អ្នក​ណា​ចង់​ផលិត​រឿង​មនុស្ស​ប្រជៀវ​ទៀត​នោះ​ទេ​ ព្រោះ​តារា​សម្ដែង​ក៏​ផ្លាស់​ប្ដូរ​ច្រើន​នាក់​ដែរ​។

ប៉ុន្តែ​អ្នក​ដឹកនាំ​ Christopher Nolan គិត​ចង់​ផលិត​រឿង​មនុស្ស​ប្រចៀវ​ដែល​ខុស​ប្លែក​ពីគេ​ ដោយ​សាច់​រឿង​មាន​ភាព​​កាន់​តែ​ច្បាស់លាស់​ និង​មាន​ចំណោទ​បញ្ហា​ខុស​ពី​ភាពយន្ត​មនុស្ស​ប្រជៀវ​កន្លងៗ​មក។ Christian Bale បាន​ទៅ​សាក​កាមេរ៉ា​តួអង្គ​មនុស្ស​ប្រចៀវ​ ហើយ​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​សម្ដែង​។ នៅពេល​ដែល​លោក​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ដទៃ​ គ្រប់​គ្នា​តែងតែ​សើច​ចំអក​ឱ្យ​លោក​។

«ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ ខ្ញុំ​កំពុង​តែ​ត្រៀម​ខ្លួន​សម្ដែង​ភាពយន្ត​ Batman ប៉ុន្តែ​រឿង​នេះ​មិន​ដូច​ជា​រឿង​មុន​ៗ​ឡើយ​ព្រោះ​ម្ដង​នេះ​គឺ​​មាន​សាច់​រឿង​ច្បាស់លាស់​ជាង​មុន… មនុស្ស​ជា​ច្រើន​សើច​ចំអក​ដាក់​មុខ​ខ្ញុំ​ហើយ​និយាយ​ថា​ គ្មាន​ផ្លូវ​អាច​សម្រេច​នោះ​ទេ​» ប៉ុន្តែ​មនុស្ស​ទាំងអស់​នោះ​គិត​ខុស​ព្រោះ​រឿង​ដែល​ខ្ញុំ​សម្ដែង​ទទួល​បាន​ជោគជ័យ​ ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ចិត្ត​ដែរ​ថា​រឿង​នេះ​បាន​ជួយ​ត្រួសត្រាយ​ឱ្យ​ខ្ញុំ​បាន​ចូល​ Marvel Cinematic Universe ឬ​អត់​នោះ​ តែ​ខ្ញុំ​ជឿ​ថា​វា​ជួយ​បាន​ពិត​មែន​»។

Christian Bale ជឿជាក់​ថា​រឿង​ Batman បាន​ជួយ​ឱ្យ​រឿង​រ៉ាវ​ល្អៗ​ជាច្រើន​កើត​មាន​ក្នុង​ជីវិត​របស់​លោក​មិន​ថា​ កេរ្តិ៍ឈ្មោះ​ ទ្រព្យសម្បត្តិ​លុយកាក់​ និង​តួអង្គ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​លោក​បាន​សម្ដែង​។ ពេល​មាន​អ្នក​ដទៃ​សួរ​ថា​តើ​លោក​នៅ​ទទួល​សម្ដែង​ភាពយន្ត​បែប​ Super Hero បន្ត​ទៅទៀត​ឬ​ក៏​យ៉ាង​ណា​? លោក​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា​៖«ខ្ញុំ​គ្មាន​ថ្ងៃ​និយាយ​ថា​លា​នោះ​ទេ​ លុះត្រា​តែ​មាន​អ្នក​មក​ប្រាប់​ខ្ញុំ​ថា​លា​ហើយ​និង​អរគុណ​ ហើយ​សូម​កុំ​ត្រលប់​មក​សម្ដែង​រឿង​នេះ​ទៀត នោះ​ទើប​ខ្ញុំ​យក​ពាក្យ​របស់​គេ​ទៅ​ពិចារណា»។

Christian Bale សម្ដែង​ជា​តួ​អង្គ​ Bruce Wayne ក្នុង​ភាពយន្ត​ batman begins កាល​ពី​ឆ្នាំ​២០០៥​ រួច​ហើយ​មាន​ភាគ​បន្ត​ទៀត​ចំនួន​២​គឺ The Dark Knight 2008 និង​ The Dark Knight Rises 2012 សរុប​ចំណូល​ដែល​រក​បាន​មាន​ចំនួន​២៤៦៣​លាន​ដុល្លារ​ជុំវិញ​ពិភពលោក​ ថែម​ទាំង​ទទួល​បាន​ពាក្យ​សរសើរ​យ៉ាង​ច្រើន​ រហូត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភាពយន្ត​កសាងមាត្រដ្ឋាន​ឱ្យ​ភាពយន្ត​ Super Hero ក្រោយ​ៗ​ទៀត​មាន​ទឹក​មាត់​លេប​និង​អាច​ដើរ​តាម​ស្នាម​ជើង​ចាស់​បាន​។

ថ្វី​ត្បិត​តែ​មិនមាន​អ្នក​ណា​ដឹង​ទេ​ថា​ មនុស្ស​ដែល​សើច​ចំអក​ឱ្យ​ Christian Bale ជា​នរណា ប៉ុន្តែ​យើង​អាច​ស្រមៃ​ឃើញមុខ​​របស់​ Bale ពេល​ដែល​លោក​ទៅជួប​នឹង​មនុស្ស​ដែល​ធ្លាប់​សើច​ចំអក​បាន​៕

សូមទស្សនាវីដេអូនេះ ៖

Share.