យោងតាមគេហទំព័រ Dramapotatos បានចាត់លំដាប់ថ្នាក់ភាពយន្តភាគចិនដែលល្អមើលនិងមានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនាចំនួន១០រឿងប្រចាំខែឧសភានេះ ចង់ដឹងថាមានរឿងណាខ្លះសូមតាមដានខាងក្រោមនេះដូចតទៅ៖
១. Going Rural (温暖的味道)
– តួ Sun Guangming សម្តែងដោយ Jin Dong
– ចំនួនភាគ៖ ៤០ភាគ
– សាច់រឿង៖ រៀបរាប់ពីដំណើររឿងរបស់លេខាបក្សទី១ Sun Guangming បានចុះទៅជនបទ ដើម្បីពង្រឹងយន្តការគ្រប់គ្រងនៅថ្នាក់មូលដ្ឋានលើកកម្ពស់ជីវភាពរស់នៅកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ដោយទីផុត នាំឱ្យអ្នកភូមិទាំងអស់មានជីវភាពធូរធារ។

២. Moonlight (月光变奏曲)
– តួប្រុស Zhou Chuan សម្តែងដោយ Ryan Ding តួស្រី Chu Li សម្តែងដោយ Esther Yu
– ចំនួនភាគ៖ ៣៦ (រឿងសម័យ)
– សាច់រឿង៖ អ្នកនិពន្ធ Zhou Chuan តែងតែអះអាងថាអ្នកនិពន្ធសម័យអ៊ីនធឺណេតបានស្លាប់ ប៉ុន្តែមិននឹកស្មានដល់នៅពេលជួបនឹង Chuli អ្នកនិពន្ធស្រីជើងថ្មី ដែលស្រឡាញ់និងចូលចិត្តការនិពន្ធបំផុត ទោះបីជានាងមិនបានរៀនជំនាញផ្នែកនេះក៏ដោយ។ ក្រៅពីមិត្តរួមការងារ Chuli នៅជាដៃគូឆាតអនឡាញដ៏យល់ចិត្តរបស់ ZhouChuanរយៈពេលជាច្រើនឆ្នាំហើយនិស្ស័យកាន់តែពិសេស ព្រោះទំនាក់ទំនងអ្នកទាំងពីរវិវត្តទៅជាម្ចាស់ផ្ទះនិងអ្នកជួល។ZhouChuan ដែលអ្នកគាំទ្រតែងតែចាត់ទុកជាសុភាពបុរសក្នុងដួងចិត្តរបស់ហ្វេនសៀវភៅរបស់គាត់ បែរជាប្រៀបដូចជាគ្រូសម្តែងល្ខោនដែលមានមុខពីរ សម្រាប់នាងតូច Chuli។ ឈុតឆាកស្នេហាផ្អែមល្អែម និងឈ្លោះទាស់គ្នាទាំងក្នុងអនឡាញនិងជីវិតពិតរបស់យុវតីនិងលោកគ្រូល្ខោនមុខពីរ បន្ថែមនឹងការតស៊ូមិនរួញរា ដើម្បីនិពន្ធសៀវភៅដ៏ល្អសម្រាប់អ្នកបាន បានបង្កើតទៅជាកម្រងស្នេហាអ្នកនិពន្ធដែលមានទាំងផ្អែមនិងសំណើច។

៣. Time Flies and You Are Here (雁归西窗月)
– តួប្រុស Zhao Xiaoqian សម្តែងដោយ Joseph Zeng, តួស្រី Xie Xiaoman សម្តែងដោយ Jie Liang
– ចំនួនភាគ៖ ៣២ភាគ (រឿងបុរាណ)
– សាច់រឿង៖XieXiaomanនារីសាមញ្ញម្នាក់ ដោយការលេងសើចនៃព្រហ្មលិខិតបានធ្វើឱ្យទាស់ចិត្តដល់រាជបុត្រ Zhao Xiaoqian។ ហើយកាន់តែអស្ចារ្យនោះប្រៀបដូចជាព្រហ្មលិខិតលេងសើច ធ្វើឱ្យអ្នកពីរត្រូវមករួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធដោយលិខិតអាពាហ៍ពិពាហ៍មួយច្បាប់។ ចាប់ផ្តើមពីការឈ្លោះប្រកែកគ្នារាល់ថ្ងៃទៅជាការយល់ចិត្តយល់ថ្លើម Zhao Xiaoqian និង Xie Xiaoman កាន់ដៃគ្នាពុះពារគ្រាលំបាក និងឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ហើយទទួលបាននៅស្នេហាដ៏រ៉ូម៉ែនទិចមួយ។

៤. Qing Luo (清落)
– តួប្រុស Ye XiuDu សម្តែងដោយ Xueyi Liu, តួស្រី Yu Qingluo សម្តែងដោយ Wang ziwei
– ចំនួនភាគ៖ ២៤ភាគ (រឿងបុរាណ)
– សាច់រឿង៖ ក្រោយបាត់មុខអស់រយៈពេល ៧ ឆ្នាំ គ្រូពេទ្យលាក់មុខ/គ្រូពេទ្យខ្មោច Yu Qingluo បាននាំយកជំនាញពេទ្យដែលមានតែមួយលើលោក ចូលក្នុងពិភពគុន ដើម្បីស្វែងរកឪពុកឱ្យកូនប្រុសនាង Nan Nan។ នៅក្នុងដំណើរផ្សងព្រេងនេះ Yu Qingluo បានជួបជាមួយរាជបុត្រមុខកាច Ye XiuDu។ ដោយសារតែ Ye XiuDu មានមុខស្រដៀងនឹងសត្រូវម្នាក់របស់នាង ធ្វើឱ្យរាល់ពេលដែលជួបជាមួយ Yu Qingluo តែងលឺសម្លេងឈ្លោះគ្នាជានិច្ច ដែលក្រោយមកទើបដឹងថាវាគ្រាន់តែជាការចៃដន្យ។ ក្នុងសមាសភាពជាពេទ្យខ្មោច ធ្វើឱ្យនាងត្រូវជាប់ជំពាក់ជាមួយ Ye XiuDu ដើម្បីរួមគ្នាប្រយុទ្ធជាសត្រូវមកពីគ្រប់ទិសទី។ នៅទីបំផុតនាងក៏បានដឹងថា Ye XiuDu ជាឪពុកបង្កើតរបស់ក្មេងប្រុស Nan Nan។ នៅក្នុងអំឡុងពេលដែលអ្នកទាំងពីរនៅជាមួយគ្នានោះ ការស្រឡាញ់ដែលឥតលក្ខខណ្ឌរបស់YeXiuDuធ្វើឱ្យគ្រូពេទ្យរូបស្រស់នេះ សម្រេចចិត្តរស់នៅជាមួយគ្នាអស់មួយជីវិត។

៥. Please Feel At Ease, Mr. Ling (一不小心捡到爱)
– តួប្រុស Ling Yue សម្តែងដោយTe Liu តួស្រី Gu Anxin សម្តែងដោយ Lusi Zhao
– ចំនួនភាគ៖ ២៤ភាគ (រឿងសម័យ)
– សាច់រឿង៖ និយាយអំពីដំណើររឿង Deliver ស្រីស្អាត Gu Anxin បានជិះម៉ូតូបុក CEO Ling Yue ។ ឧប្បទ្ទេវហេតុនេះ បានធ្វើឱ្យ Ling Yue មានបញ្ហាផ្លូវចិត្ត និងបាត់ការចងចាំដាច់ខាតត្រូវឱ្យ Anxin ត្រូវទទួលខុសត្រូវចំពោះខ្លួន។ ដោយបញ្ហាជីវភាព Anxin ត្រូវបង្ខំចិត្តនាំ Ling Yue មកព្យាបាលរបួសនៅផ្ទះ។ ចារិកដូចទឹកនិងភ្លើង ជាមួយនឹងការរស់នៅខុសគ្នាដូចមេឃនិងដី ធ្វើឱ្យអ្នកទាំងពីរដែលរស់នៅក្រោមដំបូងផ្ទះតែ១ កើតមានហេតុការណ៍តូចធំជាច្រើន ដែលបណ្តុះចេញទៅផ្កាស្នេហ៍ ស្រស់ស្រាយ និងភាយក្លិនក្រអូប រវាងកម្លោះទឹកកកចារិកប្តូរផ្លាស់ចង់១០០និងកញ្ញាពូកែរអ៊ូ។

៦. Use For My Talent (我亲爱的小洁癖)
– តួប្រុស Gu Renqi សម្តែងដោយ Jasper Liu តួស្រី Shi Shuangjiao សម្តែងដោយ Shen Yue
– ចំនួនភាគ៖ ២៤ភាគ (រឿងសម័យ)
– សាច់រឿង៖កញ្ញារូបស្រស់ ប៉ុន្តែមិនសូវមានរបៀបក្នុងការរស់នៅ Shi Shuangjiao បានមកធ្វើការឱ្យលោក Gu Renqi បុរសដែលមានMysophobia កម្រិតធ្ងន់ធ្ងរ ជីវិតក៏ចាប់ផ្តើមមានការកែប្រែថ្មី១៨០ដឺក្រេ។ ជួបគ្នាលើកណាក៏ដូចសត្រូវស៊ីសាច់ហុតឈាម ប៉ុន្តែ ក្រោយពីបានធ្វើការជាមួយគ្នា និងយល់ពីគ្នា បរិយាកាសក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ទីបំផុតអ្នកទាំងពីរស្វែងយល់ថាមានតែ «ចិត្តគំនិតបរិសុទ្ធនិងវិជ្ជមាន» ទើបជាគន្លឹះបើកសោជីវិតដ៏ស្រស់ស្អាត។អ្នកទាំងពីរបានកែប្រែខ្លួនឯងខិតខំរស់នៅជាមួយជីវិតចំពោះមុខ កាន់ដៃគ្នាដើម្បីសម្រេចនូវក្តីស្រមៃនិងគុណតម្លៃក្នុងជីវិត។

៧. Miss the Dragon (遇龙)
– តួប្រុស Yuchi Longyan សម្តែងដោយ Dylan Wang តួស្រី Liu Ying សម្តែងដោយ Bambi Zhu
– ចំនួនភាគ៖ ៣៦ភាគ (រឿងបុរាណ យុទ្ធសិល្បិ៍)
– សាច់រឿង៖ ក្រោយពេល Liu Ying នាងបំរើតូចក្នុងសំណាក់ Xiahou បានជួយសង្រ្គោះនាគ ដែលធ្លាប់តាំងសិល្បិ៍រាប់ពាន់ឆ្នាំ Yuchi Longyan ។ ជីវិតនាងក៏ត្រូវបានផ្លាស់ប្តូរ ដោយ Yuchi Longyan បាននាំនាងចាកចេញពីសំណាក់ហើយសន្យាសម្រេចបំណងប្រាថ្នា Liuying និងបានឱ្យព្រលឹងរបស់ខ្លួន ការពារនាងចំនួនបីជាតិ ក្នុងដំណើរដែលនាងត្រូវផ្សងព្រេងស្វែងរកព្រលឹងរបស់ Xiao Houxue (ម្ចាស់ស្រីរបស់នាង)។ ដល់ជាតិទី៤ ទើបនាងដឹងថា Yuchi Longyan បានជួយជាច្រើនលើក។ ដោយល្មើសនឹងច្បាប់ទេវតា Yuchi Longyan ត្រូវបានស្រូបយកព្រលឹង ប៉ុន្តែក្រោយពេលព្រលឹងត្រឡប់មកខ្លួនវិញ Yuchi Longyan បានរួមដៃកម្ចាត់សត្រូវអាក្រក់។

៨. Ugly Beauty (皮囊之下)
– ចំនួនភាគ៖ ២៤ (រឿងសម័យ)
– តួប្រុស Chen Mo សម្តែងដោយ Shengchi Huang តួស្រី Xiao Mu សម្តែងដោយ Hehuizi Zheng
– សាច់រឿង៖ Yao Menggui តារាស្រីជួរមុខនៅសុខៗក៏ផ្លាស់ប្តូរចារិកនិងកាយវិការ ប្រៀបដូចជាមនុស្សម្នាក់ផ្សេងទៀត។ChenMoមានការសង្ស័យបានសម្រេចចិត្តស៊ើបអង្កេតអំពីការពិត ហើយបានដឹងថាតារាស្រីរូបនេះមិនមែនជា Yao Menggui តែជាប្អូនស្រីរបស់នាងឈ្មោះ Xiao Mu។ Chen Mo ព្យាយាមចូលទៅជិតនាងដើម្បីស្វែងរកការពិតប៉ុន្តែ បែរជាលង់ស្រឡាញ់នាងដោយសារតែភាពស្មោះត្រង់ និងទឹកចិត្តល្អ។ Xiao Mu តាំងចិត្តក្លាយជាតារាដោយមិនមែនជាតួជំនួសរបស់បងស្រីនាងទៀតឡើយ។ ក្រោយពេលបងស្រីរបស់នាងត្រឡប់មកវិញអាថ៌កំបាំងនៅពីក្រោយគ្រោះថ្នាក់ចរាចរណ៍បានលាតត្រដាងធ្វើឱ្យបងប្អូនស្រីទាំងពីរនាក់ផ្សះផ្សាគ្នាវិញ។ ពួកគេបានរកឃើញនូវក្តីស្រមៃក្នុងជីវិតរបស់ខ្លួន ដែលនេះជាចំណុចចាប់ផ្តើមថ្មីនៃជីវិតរបស់ពួកគេ។

៩. Love Crossed (完美的他)
– ចំនួនភាគ៖ ៣៦ រឿងសម័យ
– តួសម្តែង៖ Luoluo He, Luwa Dai, Zhang Linghe, Yan an
– សាច់រឿង៖ រៀបរាប់អំពីជីវិតរស់នៅ និងស្នេហារវាងតួឯកស្រីពីររូបដ៏ស្រស់សោភា និងអាយដលសង្ហា “ក្លែងក្លាយ” ៤រូប។ អត្តចារិកពិតដែលខុសពីការរៀបចំរបស់ក្រុមហ៊ុន អាយដលទាំង៤មានចំណុចខ្វះខាត និងមិនធ្លាប់មានប្រវត្តិស្នេហា បែរជាត្រូវសម្រេចបេសកកម្មល្អឥតខ្ចោះរបស់ក្រុមហ៊ុន។ ជីវិតរបស់អាយដលទាំង៤កាន់តែរញ៉េរញ៉ៃនៅពេលតួឯកស្រីទាំងពីរបានដឹងពីអាថិ៍កំបាំងរបស់ពួកគេ។ ទីបំផុតមានតែការទទួលយកការពិតទាំងចំណុចល្អនិងចំណុចខ្វះខាត ទើបជីវិតពេញបរិបូរណ៌។

១០. Young and Beautiful (我的漂亮朋友)
– ចំនួនភាគ៖ ៤២ភាគ (រឿងសម័យ)
– តួប្រុសGu Fei សម្តែងដោយ Roy Chiu, តួស្រី Qiu Dongna សម្តែងដោយ Vicky Chen
– សាច់រឿង៖ ក្មេងស្រីជនបទ Liu Wenjing បានមករស់នៅទីក្រុងសៀងហៃតែម្នាក់ឯងតាំងពីអាយុ១៩ឆ្នាំ។ ក្នុងនោះ នាងបានរាប់អានជាមួយមិត្តភក្តិជាច្រើន ដែលមកទីក្រុងនេះពោរពេញទៅដោយក្តីស្រមៃ និងការខិតខំ។ ក្រោមការជួយពីមិត្តភក្តិ Xing Tianming នាងបានប្រឡងចូលមហាវិទ្យាល័យ និងរកបានការងារធ្វើ។ ប៉ុន្តែ ដោយសារបញ្ហាជីវភាព និងកត្តាសង្គម ធ្វើឱ្យចារិករបស់នាងត្រូវបានផ្លាស់ប្តូរ ជាពិសេស នៅពេលដែលនាងបានស្គាល់មិត្តប្រុសរបស់នាង Ye Hui ។ ភាពលោភលន់ និងការបោកបញ្ឆោត ធ្វើឱ្យនាងត្រូវខាតជំនួញ បាត់បង់មិត្តប្រុស ហើយមិត្តល្អរបស់នាង Xing Tianming ត្រូវជាប់គុក។ ម្តាយរបស់នាងក៏បានឃ្លាតឆ្ងាយពីនាង នៅពេលដែលនាងកំពុងត្រូវប្រឈមបញ្ហាគ្រប់យ៉ាងតែម្នាក់ឯង ដែលទីបំផុត ធ្វើឱ្យនាងដឹងថា ក្តីសុខដ៏ពិតប្រាកដគឺសំដៅដល់ការបោះជំហានទៅរកក្តីស្រមៃរបស់ខ្លួន ដូចការតាំងចិត្តរបស់នាងពេលមកដល់ទីក្រុងនេះជាលើកដំបូង។

បកប្រែដោយ៖ លីម ជីងហួន
សម្រួលអត្ថបទ៖ នីកា
