កំពង់ធំ ៖ កុមារីជាសិស្សសាលា២នាក់ នាំគ្នាទៅអង្គុយលេងមាត់ស្ទឹង ហើយក៏ចុះតាមកាំជណ្តើរលាងដៃ ជាអកុសលរអិលជើងធ្លាក់ចូលក្នុងទឹកស្ទឹងកំពុងតែហូរខ្លាំង ពលរដ្ឋក្បែរខាងឃើញរត់ទៅជួយស្រង់បានម្នាក់ លង់លិចបាត់ខ្លួនម្នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅមាត់ស្ទឹងសែន ចំណុចម្តុំពោងទឹក ក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ រ៉ុម វណ្ណដារី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង មានម្តាយ ឈ្មោះ ហ៊ាន វេងដែន រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះបាន ។ ទី២ ឈ្មោះ ធឿន សុខរក្សា អាយុ១០ឆ្នាំ រស់នៅភូមិទី១ សង្កាត់កំពង់ធំ មានឪពុកឈ្មោះ ហុង ថុល និងម្ដាយឈ្មោះ ខេង គឹមលាន មុខរបរជាគ្រូបង្រៀន បានលង់លិចបាត់ខ្លួនរកមិនទាន់ឃើញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កុមារីទាំង២នាក់ទៅអង្គុយលេងមាត់ស្ទឹងសែន ហើយបាននាំគ្នាចុះលាងដៃ ជាអកុសលរអិលជើងធ្លាក់ចូលក្នុងទឹកស្ទឹង ខណៈដែលកំពុងហូរខ្លាំង ភ្លាមឺត្រូវបានពលរដ្ឋក្បែរនោះឃើញទាន់ រត់ទៅចាប់ស្រង់បានម្នាក់ ចំណែកម្នាក់ទៀតលង់លិចបាត់ខ្លួន ត្រូវបានក្រុមគ្រួសារ កម្លាំងសមត្ថកិច្ច កំពុងស្វែងរក រហូតមកដល់ល្ងាចថ្ងៃដដែលនេះ នៅមិនទាន់រកឃើញនៅឡើយទេ ។ ចំណែកឯកុមារីដែលស្រង់បានម្នាក់ ត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.