ក្រុមបាល់ទះជម្រើសជាតិជប៉ុន បានយកឈ្នះលើក្រុមម្ចាស់ជើងឯក២សម័យកាលរុស្ស៊ី ក្នុងពានរង្វាន់បាល់ទះផ្នែកបុរស 2021 FIVB Volleyball Men’s Nations League ដោយលទ្ធផល៣សិត ទល់២សិត ដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ។

ពានរង្វាន់នេះបានចាប់ផ្ដើមដំណើរការហើយដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្រុមដែលស្ថិតនៅក្នុងកៅអី FIVB Volleyball Men’s Nations League ចាស់មានអាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួសដោយហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែកក្រុមឡើងពីការប្រកួត2021 Challenger Cup មានអូស្ត្រាលី,ប៊ុលហ្គារី, កាណាដា និងស្លូវេនី។ ក្រុមទាំង១៦ នេះត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕
ខាងក្រោមជាវីដេអូហាយឡាយទាំង៨ប្រកួតនៅថ្ងៃអាទិត្យ ម្សិលមិញ៖