តារាចម្រៀង K-pop កញ្ញា Jennie សមាជិកក្រុមចម្រៀង Blackpink នឹងមានវត្តមានសម្ដែងរឿងភាគដំបូងជាមួយនឹង Lily Rose Depp និង The Weeknd។ នេះគឺជាលើកទីមួយដែល Jennie សម្ដែងរឿងភាគដំបូងរបស់ហូលីវូដ។

ស្ថានីយទូរទស្សន៍ HBO ថ្មីៗនេះបានបញ្ចេញវីដេអូផ្សព្វផ្សាយរឿងភាគថ្មីត្រៀមបញ្ចាំងឆាប់ៗនេះគឺរឿង «The Idol» ដោយក្នុងឃ្លីបវីដេអូដែលមានរយៈពេលខ្លីនោះមានវត្តមានរបស់តារាចម្រៀងស្រីកូរ៉េរួមនឹងវត្តមានតួឯកស្រីដែលសម្ដែងដោយ Lily Rose Depp។ ក្រោយមកគណនីអ៊ិនស្ដ្រាក្រែមផ្លូវការរបស់ទូរទស្សន៍ HBO បានបញ្ជាក់ថាកញ្ញា Jennie Kim សមាជិក Blackpink ពិតជាចូលរួមសម្ដែងនៅក្នុងភាពយន្តថ្មីរបស់ HBO ខាងលើពិតប្រាកដមែន។

ទោះជាបានបង្ហាញពីវត្តមានតួសម្ដែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍នេះក្ដីប៉ុន្តែកាលបរិច្ឆេទនៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទោះជារឿងនេះបានថតចប់នៅក្នុងខែកក្កដានេះហើយក្ដី។

Jennie Kim គឺជាតារាចម្រៀងល្បីនិងមានប្រជាប្រិយបំផុតនៅក្នុងក្រុម Blackpink ដែលមានសមាជិកចំនួន៤រូបជាស្រីសុទ្ធក្នុងនោះរួមមាន Rose Lisa និង Jisoo។ ជាមួយនឹងដំណឹងសម្ដែងភាពយន្តភាគរបស់ Jennie ផលិតកម្ម YG Entertainment ក៏បានប្រកាសពីការវិលមកឡើងឆាកវិញរបស់ក្រុមនេះនៅខែសីហាខាងមុខនេះ ព្រមជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ជាលើកទីពីរនៅចុងឆ្នាំ២០២២នេះផងដែរ។ យោងតាមការអះអាងពីផលិតខាងលើ ការប្រគំតន្ត្រីទេសចរណ៍របស់ Blackpink គឺជាការប្រគំតន្ត្រីដ៏ធំបំផុតមួយជាប្រវត្តិសាស្ត្រសម្រាប់ក្រុមចម្រៀងស្រីរបស់កូរ៉េ៕

Share.