Monday, November 28 Login

​បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-១៩​មួយ​រយៈ​ ពេល​នេះ​លោក​ បញ្ញា​ សិទ្ធិ​ តារា​សម្ដែង​និង​ជា​តារា​​ចម្រៀង​​​មួយ​រូប​ផង​នោះ​​បាន​វិល​មក​​ សម្រុក​ថត​និង​សម្ដែង​ភាពយន្ត​ភាគ​ដើម្បី​បំរើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​និង​ហ្វេន​ៗសារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​។

បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-១៩​មួយ​រយៈ​ ពេល​នេះ​លោក​ បញ្ញា​ សិទ្ធិ ​តារា​សម្ដែង​និង​ជា​តារា​​ចម្រៀង​​​មួយ​រូប​ផង​នោះ​​បាន​វិល​មក​ថត​និង​សម្ដែង​ភាពយន្ត​ភាគ​ដើម្បី​បំរើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​និង​ហ្វេន​ៗសារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​។​

លោក​ បញ្ញា​ សិទ្ធិ​ ​បាន​វិល​មក​សម្ដែង​ភាពយន្ត​ឡើង​វិញ​ហើយ​ ដោយ​ភាពយន្ត​ភាគ​ដែល​លោក​សម្ដែង​នោះ​គឺ​ជា​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​ BAYON ផលិត​ឡើង​ដោយ​ផលិតកម្ម Sastra Film ។ លោក​បញ្ញា​សិទ្ធិ​ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ត្រយង​ញូវស៍​ដឹង​តាម​រយៈ​ប្រព័ន្ធ​តេឡេ​ក្រាម​ថា​៖ «សុខភាព​របស់​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​បាន​ល្អ​បរិបូរណ៍​មួយ​រយ​ភាគ​រយ​ហើយ​ ប៉ុន្តែ​ទោះ​ជា​លោក​បាន​ជា​សះស្បើយ​ក្ដី​ក៏​លោក​មិន​ចោល​ការ​ថែរក្សា​ សុខភាព​ ​​អនាម័យ ​និង​ការ​ពារ​ដូច​មុន​ដដែល​​»

តួ​ឯក​ប្រុស​រូប​សង្ហា​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ការ​ដែល​លោក​សម្រេច​ចិត្ត​ថត​ភាពយន្ត​ឡើង​វិញ​ដោយ​សារ​តែ​ផលិតករ​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ចង់​ឃើញ​វិល​ទៅ​សម្ដែង​វិញ​ មួយ​វិញ​ទៀត​ដោយ​ពិនិត្យ​ឃើញ​ថា​សុខ​ភាពល្អ​ក៏​ល្អ​ប្រសើរ​ហើយ​នោះ​ ទើប​លោក​សម្រេច​ចិត្ត​វិល​ទៅ​សម្ដែង​ភាពយន្ត​ឡើងវិញ​។​

យ៉ាង​ណា​មិញ​នៅ​ពេល​សួរ​ពី​បញ្ហា​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ឆ្លង​ថ្មី​ណា​មួយ​ឬ​ទេ​? តារា​សម្ដែង​រូប​នេះ​បាន​ឆ្លើយ​ថា​៖ «ចំពោះ​ការ​បារម្ភ​នោះ​ ពិត​ណាស់​លោក​មាន​ការ​បារម្ភ​ដូច​គ្នា​ ប៉ុន្តែ​អ្វី​ដែល​ចាំ​បាច់​នោះ​គឺ​ត្រូវ​តែ​​ការពារ​និង​រក្សា​អនាម័យ​ឱ្យ​បាន​ល្អ​ ឬ​អាច​និយាយ​បាន​ថា​ល្អ​ជាង​មុន​»

ថែម​ពី​លើ​នេះ​ ​លោក​ បញ្ញា​ ​សិទ្ធិ ក៏​បាន​ចែក​រំលែក​ឱ្យ​ដឹង​ពី​អារម្មណ៍​ដំបូង​ដែល​លោក​វិល​ត្រលប់​​ទៅ​សម្ដែង​​ឡើង​វិញ​ថា​៖ «ការ​ត្រលប់​ទៅ​ថត​វិញ​នេះ​ គឺ​លោក​ទទួល​អារម្មណ៍​ដូច​ជា​លោក​ទើប​នឹង​ចាប់​ផ្ដើម​ថត​សារ​ជា​ថ្មី​ អារម្មណ៍​លោក​គឺ​សប្បាយ​រីករាយ​ នៅ​ពេល​បាន​ជួប​ជាមួយ​នឹង​តួ​សម្ដែង​ផ្សេងៗ​ ក្រុម​ការងារ​ថត​ កាំមេរ៉ា​ បច្ចេក​ទេស​ ធ្វើ​ឱ្យ​លោក​ទទួល​អារម្មណ៍​ប្លែក​ថ្មី​ដូច​ថ្ងៃ​ដំបូង​ដែល​ចាប់​ផ្ដើម​ថត​។»

លោក​ក៏​បាន​បន្ថែម​ចំណុច​សំខាន់​មួយ​ដែរ​ថា​ ៖ «ការ​ដែល​លោក​ព្យាបាល​ជំងឺ​កូវីដ​-១៩ ជា​សះស្បើយ​ប្រៀប​ដូច​ជា​លោក​បាន​សាង​ជីវិត​ថ្មី​មួយ​​ បាន​ចូល​ក្នុ​វិស័យ​សិល្បៈ​ឡើង​វិញ​ គឺ​ប្រៀប​ដូច​ជា​ការ​ចាប់ផ្ដើម​ថ្មី​ អារម្មណ៍​របស់​លោក​មាន​ទាំង​រំភើប​ ​មាន​ទាំង​សប្បាយ​រីករាយ​ និង​​ប្លែក​ដូច​គ្នា​។»

​​​​ជា​ចុង​ក្រោយ​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ​ក្នុង​នាម​ជា​អតីត​អ្នក​ជំងឺ​កូវីដ​-១៩ ​​បាន​ផ្ញើ​ជា​មតិ​ផ្ដាំ​ជូន​ប្រជាជន​ទូទាំង​ប្រទេស​ឱ្យ​អនុវត្ត​ និង​ គោរព​តាម​គោលការណ៍​ ​៣​កុំ​៣ការពារ ហើយ​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​កុំ​ធ្វេស​ប្រហែស​ កុំ​មើលងាយ​ជំងឺ​កូវីដ​-១៩​ ព្រោះ​ជំងឺ​កូវីដ​-19 មិន​ភ្លេច​យើង​ទេ​ មាន​តែ​យើង​ទេ​ភ្លេច​កូវីដ​-​១៩​ ​អ៊ីចឹង​ហើយ​សូម​បងប្អូន​ទាំង​អស់​តាមដាន​ជំងឺ​នេះ​ឱ្យ​បាន​ច្បាស់លាស់​ ​ហើយ​កុំ​ភ្លេច​ខ្លួន​ព្រោះ​បើ​អ្នក​ប្រហែស​តែ​មួយ​វិនាទី​អ្នក​អាច​នឹង​ក្លាយ​ជា​អ្នក​ជំងឺ​កូវីដ​-១៩​៕

Telegram-Troryorng
Share.

Leave A Reply