ខេត្តកំពង់ចាមនិងស្វាយរៀងនៅថ្ងៃនេះមានតួលេខកូវីដ១៩ថ្មីស្ទើរប្រហាក់ប្រហែលគ្នា។

រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បាន បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៣នាក់បន្ថែមទៀត។អ្នកឆ្លងថ្មីទាំងនោះ គឺជាកម្មករ កម្មការិនីរោងចក្រយូលីដែលស្ថិតនៅក្នុងក្រុងបាវិត។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត។

ដោយឡែករដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកនេះដែរ ក៏បានបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤២នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៤២នាក់នេះ មាននៅស្រុកជើងព្រៃ ចំនួន២១នាក់, ស្រុកកងមាស ចំនួន១នាក់, ស្រុកស្រីសន្ធរ ចំនួន១នាក់, ស្រុកបាធាយ ចំនួន២នាក់, ស្រុកកំពង់សៀម ចំនួន៤នាក់, ស្រុកព្រៃឈរ ចំនួន១០នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៣នាក់។

នៅខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ១៩បានជាសះស្បើយឡើងវិញចំនួន២៧នាក់ផងដែរ។

ទាំងរដ្ឋបាលខេត្តស្វាយរៀងនិងខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺ កូវីដ១៩ ទាំងអស់ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

Share.