កវីនិពន្ធជើងចាស់ លោក ស៊ុំ សារឿន ម្ចាស់ស្នាដៃ «បើកសៀវភៅឃើញស្នេហ៍» បានទទួលទទួលអនិច្ចកម្មហើយ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់អ្នកនាង ពេជ្រ សោភា។
«បើកសៀវភៅអាន ភក្ត្រកល្យាណដាមជាប់សៀវភៅ បេះដូងបងខំស្រែកហៅ តែពាលពៅ កន្តើយបែកបែរ សល់តែស្រមោលរោលភ្លើងទុក្ខ ប្រាណបងគ្មានល្ហែ ខំប្ដូរសៀវភៅថ្មីដែរ តែក្ដីឈឺចាប់ទ្វេដង» នេះគឺជាឃ្លាដកស្រងចេញពីបទចម្រៀង «បើកសៀវភៅឃើញស្នេហ៍» ស្នាដៃនិពន្ធរបស់លោកគ្រូ ស៊ុំ សារឿន បកស្រាយយ៉ាងពីរោះដោយតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ។
ក្រៅពីជាអ្នកនិពន្ធលោកគ្រូ ស៊ុំ សារឿន ក៏អាចច្រៀងបានយ៉ាងពីរោះផងដែរឧទាហរណ៍ដូចជាបទ «ទាវអើយទាវឯក» នៅក្នុងអាល់ប៊ុមចម្រៀងរបស់ផលិតកម្ម ហង្សមាស គឺជាសំនៀងដើមលោកគ្រូច្រៀងផ្ទាល់ផងដែរ។
កាលពីដើមឆ្នាំ២០២០ (៧ មករា) លោកគ្រូ ស៊ុំ សារឿន ធ្លាប់បានឡើងបកស្រាយចម្រៀងមួយបទយ៉ាងពីរោះក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ មានចំណងជើងថា «សំបុត្រលំបាកសរសេរបំផុត» ។

លោក គ្រូ ស៊ុំ សារឿន ដែលជាធនធានសិល្បៈដ៏មានទេពកោសល្យនិងជំនាញទាំងការច្រៀងនិងនិពន្ធ បានទទួលអនិច្ចកម្មនៅវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១នេះ ដោយរោគាពាធ៕
