ភ្នំពេញ ៖ កម្មករសំណង់បានប្រមូលសំរាម សំណល់ ហើយដុតចោលនៅលើអគារ ជាន់ទី១៣ ដែលកំពុង​សាងសង់មានតែគ្រោង បង្កឲ្យភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ស្មានតែភ្លើងឆេះអ្វីផ្សេង កម្លាំងចុះទៅពិនិត្យផ្ទាល់ នៅជាន់កើតហេតុ ទើបហួសចិត្ត ខណៈដែលដុត មិនបានប្រាប់អាជ្ញាធរ ឬសមត្ថកិច្ចឲ្យដឹងមុន ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅការដ្ឋានសំណង់អគារមួយកន្លែងតាមផ្លូវ៣២៩ ក្បែរសាលាខណ្ឌទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អគារសំណង់ខាងលើកំពុងតែសាងសង់ មានតែគ្រោង បន្ទាប់ពីពលរដ្ឋ ឃើញភ្លើង​ឆេះសន្ធោសន្ធៅ នៅជាន់ទី១៣ នឹកគិតស្មានតែឆេះអ្វី ផ្សែងហុយទ្រលោម ផ្អើលសមត្ថកិច្ច មានទាំងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងផងដែរ ចុះទៅដល់ទីតាំងខាងលើ កម្លាំងឡើងទៅ ពិនិត្យមើលជាក់ស្តែង ទើបដឹងថា កម្មករសំណង់ប្រមូលសំរាម សំណល់ផ្សេងៗដុតចោល តែមិនបានរាយការណ៍ ប្រាប់អាជ្ញាធរ សមត្ថកិច្ចឲ្យដឹងមុន រហូតមានការភ័ណ្ឌច្រឡំ ។

ក្នុងសកម្មភាពបែបនេះ សមត្ថកិច្ចធ្វើការអប់រំដល់ មេការ កម្មករ កុំចេះតែដុត ភ្លើងខ្មួលខ្មាញ់ សន្ធោ ផ្អើលអស់ពលរដ្ឋ សមត្ថកិច្ចបែបនេះ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.