ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តតូយូតាកាមរី មួយគ្រឿងយ៉ាងលឿនដល់ស្តុបមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀត បណ្តាលឲ្យរថយន្តទាំងពីរខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ត្រង់ចំណុចស្តុបណតប្រ៊ីដ តាមបណ្តោយផ្លូវម៉ៃដា(២០០៤)កែងផ្លូវណតប្រ៊ីដក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

តាមប្រភពនគរបាលចរាចរណ៍ដែលឈរជើង នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងឡើយ គេឃើញរថយន្តតូយូតាកាមរី ពណ៌ខ្មៅស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ2U.1968 បើកបរដោយបុរសម្នាក់បានបើកតាមបណ្ដោយផ្លូវម៉ៃដា(២០០៤)ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏បានជ្រុលទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងទៀត ពណ៌ផេះ ស៊េរីឆ្នាំ២០០៧  ពាក់ផ្លាកលេខ ភ្នំពេញ2BL.7860 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយស្រ្តី២នាក់ ទៀតលក្ខណៈគ្រួសារបានបើកតាមបណ្ដោយផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នាបណ្ដាលឲ្យរថយន្តខូចខាត ទាំងសងខាងយ៉ាងដំណំ។តែក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកសម្របសម្រួលភាគីទាំងសងខាងមួយសន្ទុះក្រោយមក ភាគីខាងរថយន្តតូយូតា កាមរី សុខចិត្តយករថយន្តតូយូតាព្រូសទៅជួសជុលឲ្យស្អាតដូចដើមវិញដើម្បីបញ្ចប់រឿង៕

អត្ថបទ៖លី សុភ័ស្ត

Share.