នាព្រឹកថ្ងៃទី៣១ ខែឧសភានេះលោកស្រី ឈឹម វត្តី ជាម្ចាស់សំអាងការលុច្ស និង កូនស្រីកំពុងត្រូវបានសួរនាំក្នុងតុលាការពាក់ព័ន្ធនឹងករណីឆបោក ក្នុងសំណុំរឿងជំនួញទិញលក់ដី ប៉ុន្តែសេចក្ដីសម្រេចយ៉ាងណានោះគឺអាស្រ័យលើចៅក្រមសាកសួរ។
លោកស្រី ឈឹម វត្តី និង កូនស្រី ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចាប់ឃាត់ខ្លួនលោកស្រី និងកូនស្រីឈ្មោះ ពុំ សុភារម្យ អាយុ៣១ឆ្នាំ កាលពីល្ងាចថ្ងៃទី២៩ ឧសភា ឆ្នាំ២០២១ ត្រង់សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈដែលលោកស្រីនិងកូនកំពុងតែជិះក្នុងរថយន្ត។

ការចាប់ខ្លួនបុគ្គលទាំងពីររូបខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលោក ហម ម៉េងសែ ពីបទឆបោក ទិញលក់ដីខ្យល់ កាលពីអំឡុងឆ្នាំ ២០១៨ កន្លងមក។
គួរដឹងថាលោកស្រី ឈឹម វត្តី មានវ័យ៥៣ឆ្នាំ មានមុខរបរបំរើការងារជាមន្ត្រីក្រុមប្រឹក្សាខណ្ឌដូនពេញ ចំណែកកូនស្រីឈ្មោះ ពុំ សុភារម្យ មានវ័យ៣១ឆ្នាំមានមុខរបរជាអ្នកលក់ដូរមានទីលំនៅស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
