បន្ទាយមានជ័យ៖ បញ្ហាសំរាមនៅតែប្រឈមសំរាប់ក្រុងប៉ោយប៉ែត ដែលប្រជាពលរដ្ឋលើកឡើងច្រើនជាងបញ្ហាផ្សេងៗ នៅព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២ នៅវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែតអាណត្តិទី៣ ឆ្នាំ២០២២ ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីខាងលើបានលើកឡើងថា បញ្ហាសំរាមស្អុយរលួយ ដែលកើតចេញពីភាព យឺតយ៉ាវរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមូលសំរាមមិនទាន់ពេលវេលា មិនគោរពតាមការណែនាំរបស់អាជ្ញាធរ ២ថ្ងៃ យកម្តង ពោលគឺទុកសំរាមគរឲ្យស្អុយរលួយចាប់ពី១អាទិត្យ ទៅ១០ថ្ងៃប្រមូលក៏មាន ដែលប៉ះពាល់សណ្តាប់ ធ្នាប់សាធារណ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបាត់បង់សោភ័ណភាពក្រុង រួមទាំងបានបង្ហាញអំពីភាពខ្វះអនាម័យនៅតាមដងផ្លូវ ដែលសម្បូរទៅដោយសំរាមខណៈក្រុងប៉ោយប៉ែតសំបូរភ្ញៀវទេសចរណ៍ឆ្លងកាត់ និងសំបូរជនបរទេសមកវិនិយោគ។


ប្រជាពលរដ្ឋបានលើកឡើងបន្ថែមថា ក្រៅភាពយឺតយ៉ាវនៃការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីផង និងពេលខ្លះសំរាមត្រូវបានរាយប៉ាយនៅតាមដងផ្លូវ ដោយសារតែពលរដ្ឋមួយចំនួនមិនបានចូលរួមសម្អាត ហើយខ្វះខាតការយល់ដឹងផ្នែកបរិស្ថាន។ ពលរដ្ឋសូមឲ្យអាជ្ញាធរមានវិធានការដើម្បីលើក្រុមហ៊ុនឲ្យប្រមូលសំរាមទៀងទាត់ពេលវេលា និងមានវិធានការលើជនមួយចំនួនដែលតែងតែលួចយក ឬជួលឲ្យគេយកសំរាមពីផ្ទះរបស់ខ្លួនមកដាក់នៅមុខផ្ទះរបស់គេ និងទីតាំងដីឡូតិ៍ដែលទំនេរៗនៅពេលយប់។


ពាក់ព័ន្ធបញ្ហាសំរាមខាងលើនេះ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបានធ្វើការណែនាំដល់ក្រុមហ៊ុនស៊ីនទ្រីធ្វើយ៉ាងណាត្រូវប្រមូលសំរាមឲ្យទាន់ពេលាវេលា កុំឲ្យបញ្ហាអនាម័យបរិស្ថាននេះកើតឡើងដដែលរាប់ឆ្នាំមកហើយ។ ឥលូវក្រុងប៉ោយប៉ែតកំណើតប្រជាពលរដ្ឋកាន់តែកើនឡើងៗ ដូច្នេះក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលសង្កាត់ភូមិ ចុះស្រង់ទិន្ន័យតាមផ្ទះ អាគារ ក្រុមហ៊ុន តូបហាង ភ្ជាប់សេវាជាមួយពួកគាត់យកតាមតម្លៃសៀវភៅបន្ទុក និងត្រូវបន្ថែមរថយន្ត បុគ្គលិកឲ្យបានគ្រប់គ្រាន់។ ដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនទាន់បានភ្ជាប់សេវា ឬក្រុមហ៊ុនទៅប្រមូលសំរាមមានភាពយឺតយ៉ាវនេះហើយ ទើបសំរាមអានាម័យធិបតេយ្យនៅតែកើតមាននៅតាមដងផ្លូវសាធារណ និងតាមដីឡូតិ៍ទំនេរៗមួយ។


លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា បើសិនជាក្រុមហ៊ុនស៊ិនទ្រី មិនអាចប្រមូលសំរាមជូនអតិថិជនឲ្យបានទាន់វេលាទៀតនោះ អាជ្ញាធរនិងប្រជុំពិភាក្សាដើម្បីជ្រើសរើសក្រុមហ៊ុនផ្សេងបន្ថែមទៀតដើម្បីចែកតំបន់គ្នា ទើបអាចធ្វើឲ្យអនាម័យបរិស្ថានបានល្អប្រសើរឡើង មិនអាចបណ្តែតបណ្តោយតទៅទៀតបានឡើយ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.