ថ្មីៗនេះខាង​ Jimmy Studio បានចេញសេចក្ដីថ្លែងការណ៍មួយអំពីស្ថានភាពរបស់តារាសម្ដែង Jimmy Lin និងកូនប្រុស បន្ទាប់ពីលោកបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

នៅក្នុងសេ​ចក្ដីថ្លែការណ៍នោះបានរៀបរាប់ឱ្យដឹងថា ស្ថានភាពបច្ចុប្បន្នរបស់ Jimmy Lin បានប្រសើរឡើងបន្តិចហើយ ហើយស្មារតីរបស់គាត់ក៏ប្រសើរដែរ ហើយគាត់អាចសន្ទនាជាលក្ខណៈសាមញ្ញៗបាន។ តាមការប៉ាន់ស្មានប្រកបដោយវិជ្ជាជីវៈរបស់ក្រុមវេជ្ជបណ្ឌិតជំនាញរបស់មន្ទីរពេទ្យ Changgeng Zhiying នឹងត្រូវធ្វើការវះកាត់នៅពេលបន្ទាប់ទៀត។ ប៉ុន្តែ ចំពោះខ្លឹមសារនៃការវះកាត់ គឺនៅមិន​អាច​ចែក​រំលែកបាននៅពេលនេះ ហើយ តារាសម្ដែងប្រុសរូបនេះ ក៏ត្រូវ​ការ​ពេល​ដើម្បីសម្រាកមើលថែសុខភាពមួយរយៈពេលដែរ។

ទាក់ទងជាមួយមតិផ្សេងៗ លើបណ្តាញព័ត៌មាន និងតាមអ៊ីនធើណេតអំពីឧប្បត្តិហេតុនេះ ខាង Jimmy Studio ចង់បញ្ជាក់ដែរថា មកទល់ពេលនេះ គឺមានតែ Jimmy Lin សាមីខ្លួនដែលជាស្ថិតក្នុងហេតុការណ៍ផ្ទាល់ទើបអាចដឹងច្បាស់។ ខាងអ្នកគ្រប់គ្រងបានសាកល្បងសាកសួរគាត់អំពីហេតុការណ៍នៅពេលនោះដែរ ប៉ុន្តែ ដោយស្ថានភាពសុខភាព លោកនៅមិនទាន់អាចប្រមូលផ្តុំ រំលឹកនូវហេតុការណ៍ ដែលបានកើតឡើងទាំងស្រុងនៅឡើយទេ។ រងចាំដល់ពេលស្ថានភាពរបស់លោកប្រសើរឡើង លោកនឹងធ្វើការបកស្រាយជាមួយស្ថានប័នពាក់ព័ន្ធ។

គួរបញ្ជាក់ឱ្យដឹងដែរថា ខាងគ្រួសាររបស់តារាសម្ដែងប្រុសរូបនេះ បានអរគុណចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍ និងក្រុមជួយសង្គ្រោះបន្ទាន់ ដែលបានព្យាយាមជួយជីវិតរបស់កូនប្រុស និងរូបលោក ឱ្យរួចផុតពីគ្រោះដ៏កាចសាហាវប៊ិះនឹងឆក់ជីវិតនេះ៕

Share.