ថ្មីៗនេះ ខាងក្រុមហ៊ុន Netflix បង្ហាញភាគយន្តភាគថ្មីមួយដែលមានចំណងជើងថា «Thai Cave Rescue» Limited Series ដែលមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា Yaya Urassaya និងតារាប្រុសវ័យក្មេង Beam Papangkorn រួមទាំងតារាកិត្តិយសជាច្រើនរូបទៀត។

ភាពយន្តភាគខ្នាតធំមួយនេះ ត្រូវបានផផលិតឡើងដើម្បីរម្លឹកនូវព្រឹត្តិការណ៍ដ៏តក់ស្លុតនៃបេសកកម្មជួយសង្គ្រោះក្មេងប្រុសទាំង ១២ រូប និងគ្រូបង្វឹកពីរូងភ្នំ Tham Luang ក្នុងប្រទេសថៃ។ គេនៅចាំហេតុកាណ៍នាពេលនេះគឺ ក្មេងប្រុសទាំង១២នាក់ រួមជាមួយគ្រូបង្វឹកម្នាក់ បានបាត់ខ្លួនកាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៨។ ក្មេងៗទាំង១២នាក់​ អាយុ​ចន្លោះ​ពី១១​ដល់១៦ឆ្នាំ និងគ្រូបង្វឹកអាយុ​២៥​ឆ្នាំ បានរួចជីវិតដោយក្រុមអ្នកជំនាញមុជទឹក បានធ្វើប្រតិបត្តិការដើម្បីយកពួកគេចេញពីចំណុចមួយក្នុងរូងភ្នំ ដែលគេប៉ាន់ស្មានថា ជាទួលខ្ពស់ផុតពីទឹក។

យ៉ាងណាមិញ នៅពេលបញ្ចេញ Poster ភាពយន្តភាគ« Thai Cave Rescue» ជាផ្លូវការរបស់ Netflix បានធ្វើឱ្យអ្នកគាំទ្របានការនឹកស្ដាយស្រណោះចំពោះការបាត់បង់តារាប្រុស Beam Papangkorn ដែលលោកទទួលមរណភាពទាំងវ័យក្មេង។

Beam Papangkorn បានមរណភាពនៅថ្ងៃ២៤ ខែមីនា ឆ្នាំ២០២២ ក្នុងវ័យ ២៥ឆ្នាំ ហើយការស្លាប់របស់លោក មិនត្រូវបានដឹងពីមូលហេតុពិតនោះទេ។ ម្ដាយរបស់តារាប្រុសរូបនេះ បានត្រឹមតែបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោក គឺកើតឡើងនៅពេលដែលលោកចូលគេង ហើយមិនព្រមភ្ញាក់ បើទោះជាម្ដាយព្យាយាមដាស់យ៉ាងណាក្ដី ហើយថ្វីបើក្រុមសង្គ្រោះបានបញ្ជូនគេទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់នៅតែមិនអាចជួយសង្គ្រោះជីវិតបានដែរ។

យ៉ាងណាមិញ នេះជារឿងភាគទី ២ហើយដែលលោក Beam Papangkorn បានបង្ហាញនៅក្នុង Netflix បន្ទាប់ពីរឿងភាពយន្តភាគ «The Stranded»។ ទោះជាយ៉ាងណាក្ដី ហ្វេននៅរំពឹងថា វត្តមានលោក Beam Papangkorn នឹងមានមុខក្នុងរឿងភាគ «The Stranded» ដែលជារដូវកាលទី ២ បន្ទាប់ពីធ្លាយដំណឹងថាបានថតរួចរាល់ហើយ៕

Share.