ភ្នំពេញ ៖ បុរសវ័យចំណាស់ជាជនជាតិកូរ៉េម្នាក់ ត្រូវបានមិត្តភក្តិអះអាងប្រាប់ថាស្លាប់បាត់ក្រោយពីមិនឃើញ ទាក់ទងគ្នាអស់រយៈពេល២ថ្ងៃ រហូតដល់គាស់ទ្វារចូលមើល ទើបដឹងថាស្លាប់បាត់។ហេតុការណ៍នេះបាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះល្វែងលេខ៤៤D ផ្លូវបេតុងលេខ ១១៣ ក្រុម១ បុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាជនជាតិកូរ៉េ មានឈ្មោះ CHOIDONG JO មានអាយុជាង៦៦ឆ្នាំ មានស្រុកកំណើតឯប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ តែម្នាក់ឯង និងមានជំងឺបេះដូងប្រចាំកាយផង បានដេកស្លាប់ទាំងអាក្រាតកាយ នៅបន្ទប់ជាន់ទី១ ។

បើតាមបុរសជនជាតិកូរ៉េ២នាក់ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺបេះដូង បាត់ រយៈពេល២ថ្ងៃហើយ មិនឃើញចេញក្រៅ ទាក់ទងតាមទូរស័ព្ទ ចូលតែមិនលើក។លុះមកដល់ល្ងាចថ្ងៃទី២៧ខែកក្កដា ចុចលែងចូល ទើបមកតាមហៅមើល តែជាប់សោទ្វារពីក្នុង សង្ស័យ ក៏ហៅមេភូមិមកដល់នាំគ្នាគាស់ទ្វារចូល ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ជាន់ទី១ ។

ក្រោយមកទៀតទាំងអាជ្ញាធរមូលដ្ឋាន ទាំងសមត្ថកិច្ច មានទាំងរថយន្តគ្លីនិកឯកជន ផង បានទៅដល់ផ្ទះកើតហេតុ តែត្រូវបានជនជាតិកូរ៉េទាំង២នាក់ មិនឲ្យសមត្ថកិច្ចចូលទៅពិនិត្យមើលជាក់ស្តែងឡើយ ទាញទ្វារបិទចាក់សោ ប្រាប់ថាឲ្យរងចាំស្ថានទូតកូរ៉េមកដល់សិន ដើម្បីពិនិត្យបន្តទៀត។

បន្ទាប់ពីតំណាងស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជាមកដល់បានសហកាជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ ខណ្ឌពោធិ៍សែនជ័យថាបុរសខាងលើពិតជាដេកស្លាប់ខ្លួនឯងមែន ទើបប្រគល់សពជនរងគ្រោះអោយទៅតំណាងភាគីស្ថានទូតកូរ៉េ ដើម្បីយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទ៖លី សុភ័ស្ត

Share.