ភ្នំពេញ ៖ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០២២ ពីបទរំលោភលើទំនុកចិត្តរឿងស៊ីដាច់ប្រាក់គេជាង១២ ម៉ឺនដុល្លារអាមេរិក ករណីម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យមានឈ្មោះ ប្រសើ ប៉ាត់តារី ភេទអាយុ៣៨ ឆ្នាំ មុខរបរ ជាអគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី អចលនទ្រព្យ រកស៊ីទិញ លក់ដីនិងសាងសង់លំនៅដ្ឋាន មានទីលំនៅភូមិ១ខ សង្កាត់ច្រាំងចម្រះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ការចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនរូបនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅត្រង់ចំណុចភូមិ១ខ សង្កាត់ច្រាំងចម្រះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអតិថិជនឈ្មោះ ម៉ាន់ យូស៊ុល ភេទប្រុស អាយុ៤៧ ឆ្នាំ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ផ្ទះល្វែង និងផ្សារ ពីឈ្មោះ ប្រសើ ប៉ាត់តារី អគ្គនាយកក្រុមហ៊ុន ប៉ាត តារី ដែលមានទីតាំងស្ថិតនៅផ្សារបំណក់ ស្រុកក្រគរ ខេត្តពោធិសាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាងមួយលានដុល្លារ ។ ក្រោយពីធ្វើកិច្ចសន្យារួចហើយឈ្មោះ ម៉ាន់ យូស៊ុលបាន បញ្ជា ទិញសម្ភារៈសំណង់ដាក់ចូលការដ្ឋាន ដើម្បីសាងសង់ដោយត្រូវចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ចំនួន ១២៥.៣៦៩ ដុល្លារ និងប្រាក់ទិញឧបករណ៍ផ្សេងៗ ៧ ៥០០ ដុល្លារទៀត ។

បន្ទាប់មកឈ្មោះ ម៉ាន់ យូស៊ុល ចាប់ផ្តើមសាងសង់ផ្ទះល្វែងបានមួយរយៈ ស្រាប់តែឈ្មោះ ប្រសើ បាត់តារី មានបញ្ហាទំនាស់គ្នាជាមួយម្ចាស់ដី ហើយបានឲ្យឈ្មោះ ម៉ាន់ យូស៊ុល ផ្អាកការសាងសង់ ដោយប្រើល្បិចកលទុច្ចរិត យល់ព្រមទូទាត់ប្រាក់ដែល យូស៊ុល ចំណាយអស់ប៉ុន្មានឲ្យគ្រប់ចំនួនវិញ ។ ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះឈ្មោះ ប្រសើ ប៉ាត់តារី មិនបានទូទាត់ប្រាក់នោះឲ្យទៅឈ្មោះ ម៉ាន់ យូស៊ុល ទេ ទើប ម៉ាន់ យូស៊ុល បានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ប៉ាត់តារីរូបនេះចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

Share.