មន្រ្តីសុខាភិបាលម្នាក់កំពុងត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងឲ្យសិស្សសាលា ៣០នាក់ ជាមួយនឹងសឺរុាំងតែមួយ នៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្ដាលនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងនៅក្នុងស្រុក Sagar ជាកន្លែងដែលកុមារត្រូវចាក់វ៉ាក់សាំងបង្កាមេរោគកូវីដ១៩។

កាលពីកន្លងមក ឥណ្ឌាបានជួបប្រទះការឆ្លងរាលដាលជំងឺអេដស៍ដោយសារតែប្រើបំពង់សឺរុំាងឡើ​ងវិញរួមគ្នា ព្រោះប្រទេសនេះខ្វះខាតឧបករណ៍វេជ្ជសាស្រ្ត ទើបក្រោយមកឥណ្ឌាបានបង្កើតយុទ្ធនាការ «ម្ជុលមួយ សឺរុំាងមួយ ប្រើបានតែ ១ដង» សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩។

ដោយឡែកលោក Jitendra Rai ជាគ្រូពេទ្យចាក់វ៉ាក់សាំងដល់កុមារបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «គាត់ត្រូវបានមន្ទីរសុខាភិបាលផ្ដល់សឺរុំាងឲ្យតែ ១គត់ ហើយគាត់គ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ»។

ឪពុកម្ដាយសិស្សដែលបានយកកូនៗមកចាក់វ៉ាក់សាំង បានដឹងអំពីបញ្ហានេះហើយបានរាយការណ៍ទៅអាជ្ញាធរ ប៉ុន្ដែនៅពេលដែលមន្រ្តីរដ្ឋទៅដល់សាលា គ្រូពេទ្យដែលចាក់វ៉ាក់សាំងនោះបានគេចខ្លួនបាត់ទៅហើយ ចំណែកទូរស័ព្ទលោកក៏បានបិទដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានសុខាភិបាលរបស់រដ្ឋបានចាប់ខ្លួនលោក Rai ហើយចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងមន្ត្រី ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ឧបករណ៍សម្រាប់ចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនជាង ២.០៣ពាន់លាននាក់ហើយ។ យោងតាមតួលេខអ្នកឆ្លងជំងឺកូវីដ១៩ លើគេហទំព័រ Worldometer នាថ្ងៃទី ២៨ ខែ កក្កដា នេះបានបង្ហាញថា ឥណ្ឌាមានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៣,៩៥៩,៣២១ករណី និង អ្នកស្លាប់កើនដល់ ៥២៦,២១១នាក់៕

ប្រភព៖ Yahoo! News

Share.